(តូក្យូ)៖ កងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន បានសម្រេចធ្វើការដាក់ពង្រាយប្រព័ន្ធមីស៊ីល PAC-3 Patriot ទៅកាន់ភាគខាងលិចប្រទេស ដើម្បីចាំបាញ់ស្ទាក់គ្រាប់មីស៊ីលផ្លោង ដែលកូរ៉េខាងជើងបានព្រមានថា នឹងបាញ់​សំដៅទៅក្បែរកោះហ្គាំ (Guam) របស់អាមេរិកឆ្លងកាត់​ដែនអាកាសជប៉ុន នៅពាក់កណ្តាល​ខែសីហានេះ​ជាការព្រមាន ចំពោះការវាយប្រហារដោយពាក្យសម្តីពីសំណាក់​លោក ដូណាល់ ត្រាំ មកលើទីក្រុងព្យុងយ៉ាង ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរដ្ឋចិន CGTN នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា ជប៉ុនគឺជាសម្ព័ន្ធធំបំផុតរបស់អាមេរិកប្រចាំតំបន់អាស៊ី ដែលមាន​មូលដ្ឋាន​យោធា​អាមេរិកតាំងនៅ​ជាច្រើន​កន្លែង ហើយប្រទេសនេះ​ក៏នឹងចូលរួមជួយ​អាមេរិកពេញ​ទំហឹងផងដែរ ក្នុងករណីដែល​មានជម្លោះណា​មួយរវាង អាមេរិក និងកូរ៉េខាងជើង​ផ្ទុះឡើងនោះ។ សម្រាប់​កូរ៉េខាងជើង ប្រសិនបើ​ត្រូវបាញ់មីស៊ីល​ទៅកាន់កោះហ្គាំ របស់អាមេរិក​ដែលស្ថិតនៅក្នុង​មហាសមុទ្រប៉ាស៊ីហ្វិកនោះ គ្រាប់មីស៊ីលរបស់ខ្លួន​ត្រូវតែហោះរំលងភាគខាងលិចជប៉ុនជាមុនសិន ប៉ុន្តែពេលនេះជប៉ុនកំពុងត្រៀមបាញ់​ទម្លាក់ហើយ។

គួរបញ្ជាក់ថា កោះហ្គាំ​ជាជម្រកនៃមូលដ្ឋានយោធា​របស់អាមេរិក ដែលមានបំពាក់​សព្វាវុធទំនើបៗ និងនាយទាហាន​អាមេរិកសរុប ៧,០០០នាក់៕