(ព្យុងយ៉ាង)៖ កូរ៉េខាងជើង​នៅថ្ងៃសុក្រនេះបានចោទប្រកាន់​សហរដ្ឋអាមេរិក និងជប៉ុនថា កំពុងប្រកាន់ឥរិយាបថគ្មានការប្រុងប្រយ័ត្នទាល់តែសោះ តាមរយៈការពង្រឹងសម្ព័ន្ធភាពយោធា ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង Minju Joson​ ដកស្រង់ដោយ​ទីភ្នាក់ងារសារ​ព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧។

Minju Joson នៅក្នុងបទ​អត្ថធិប្បាយរបស់ខ្លួន​បានគូសបញ្ជាក់ថា «ដោយសារតែ​ការភ័យខ្លាចនឹង​ភាពជោគជ័យ​ នៃការធ្វើតេស្ដ​មីស៊ីលផ្លោង​ឆ្លងទ្វីប ICBM របស់​កូរ៉េខាងជើង សហរដ្ឋអាមេរិក និងជប៉ុន បានធ្វើ​សកម្មភាពដោយ​គ្មានការប្រយ័ត្ន​ទាល់តែសោះ លើសពេលណាៗ​ទំាងអស់ នៅក្នុងចលនា​ពង្រឹងសម្ព័ន្ធភាព​យោធាប្រឆាំង​ទីក្រុងព្យុងយ៉ាង»។

សារព័ត៌មាន​រដ្ឋនេះដដែល​ក៏បានអះអាងដែរថា បច្ចុប្បន្ន​ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតូត្យូ កំពុងប្រើយុទ្ធសាស្ត្រ​ ដើម្បីធ្វើឱ្យ​កូរ៉េខាងជើង​ឯកោ​ តាមរយៈការពង្រឹង​សម្ព័ន្ធភាពយោធា​ដែលនេះអាចបង្ហាញ បានថា ពួកគេនៅតែចិញ្ចឹមចិត្ត​ឈ្លានពាន​មកកូរ៉េខាងជើង។ បច្ចុប្បន្នសង្គ្រាមសម្តីរវាងកូរ៉េខាងជើង និងអាមេរិក​នៅតែខ្លាំងក្លា ជាពិសេសគឺការគំរាមវាយប្រហារកោះហ្គាំ (Guam) របស់អាមេរិកតែម្តង៕