(​សេអ៊ូល)៖ នៅក្នុងបរិបទ​ដែល​កូរ៉េខាងជើង និង​សហរដ្ឋអាមេរិក​គំរាមធ្វើសង្រ្គាម​សម្តីដាក់ទៅវិញទៅ​មក នារយៈពេលប៉ុន្មានថ្ងៃ​ចុងក្រោយនេះ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក ចេម ម៉ាតទីស (James Mattis) បានចេញមុខថ្លែង​សារ​បន្ធូរបន្ថយភាពតានតឹង​ដោយនិយាយថា សង្រ្គាមជាមួយ​ទីក្រុងព្យុងយ៉ាង នឹងក្លាយជា​គ្រោះមហន្តរាយ​ហើយលោក​នៅតែសង្ឃឹមថា បញ្ហា​កូរ៉េខាងជើង​នឹងអាចត្រូវ​បានដោះស្រាយ តាមរយៈ​ផ្លូវការទូត។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន BBC នៅល្ងាចថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧។

​ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយទាក់ទិន​នឹងស្ថានភាព​កូរ៉េខាងជើង​បច្ចុប្បន្ន រៀបចំឡើង​ក្នុងរដ្ឋកាលីហ្វរញ៉ា លោក James Mattis​ បានលើក​ឡើងយ៉ាងដូច្នេះថា «សោកនាដកម្ម​នៃសង្រ្គាម​ត្រូវបាន គេស្គាល់គ្រប់គ្រាន់​ហើយ ដូច្នេះវា​មិនចាំបាច់អីត្រូវបញ្ជាក់ពីលក្ខណៈ​សង្រ្គាម​ទៀតនោះទេ ព្រោះគេដឹង​យ៉ាងច្បាស់ថា សង្រ្គាមនឹង​បង្កជាគ្រោះ​មហន្តរាយ... ម្យ៉ាងវិញ​ទៀត កិច្ចខិតខំ​ប្រឹងប្រែង​របស់ សហរដ្ឋអាមេរិក តាមរយៈផ្លូវការទូត​កំពុងលេចចេញ​លទ្ធផល​ជាបណ្ដើរៗហើយ»។ ដោយឡែក​ជុំវិញការប្រើប្រាស់​កម្លាំងយោធា​ ប្រឆាំងទីក្រុងព្យុងយ៉ាង រដ្ឋមន្ត្រីការពារជាតិ​អាមេរិករូបនេះ បានបញ្ជាក់ថា បេសកកម្ម​និងការទទួល​ខុសត្រូវ​របស់លោក គឺការត្រៀម​លក្ខណៈប្រើប្រាស់​កម្លាំងយោធា ក៏ប៉ុន្តែលោក​នៅតែផ្ដល់តម្លៃ​ឱ្យការដោះស្រាយ​បញ្ហា តាមផ្លូវការទូត​ច្រើនជាង។

គួរបញ្ជាក់ថា ការលើកឡើង​ខាងលើរបស់លោក James Mattis​ ធ្វើឡើងបន្ទាប់ពី​ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ កាលពីថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ បានគំរាមវាយប្រហារ​សាជាថ្មី លើកូរ៉េខាងជើង​ដែលកំពុងរៀបចំ ផែន​ការបាញ់​​គ្រាប់មីស៊ីល​រយៈ​ចំងាយមធ្យម ០៤គ្រាប់ ទៅកាន់តំបន់​ក្បែរកោះហ្គាំ (Guam) មានប្រជាជន​អាមេរិក ១៦០,០០០នាក់រស់នៅ៕