(ញូដេលី)៖ នៅពេលដែលនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narindra Modi) បានអនុម័ត​លើកញ្ចប់​ថវិកា ២៥៦លានដុល្លារ សម្រាប់​ការអភិវឌ្ឍ​ផ្លូវនៅតាម​តំបន់ព្រំដែន កាលពី​ខែកក្កដា​កន្លងទៅ វាបានបង្ក​ឱ្យគេគ្រប់គ្នា​មើលឃើញថា ទីក្រុងញូដេលី​កំពុងសម្លឹង​មើលការពង្រីក​ឥទ្ធិពលសេដ្ឋកិច្ច​របស់ខ្លួន ដើម្បីទប់ទល់​នឹងមហាយក្សចិន ដែលបាន​និងកំពុងលេចត្រដែត​ឡើងកាន់តែខ្លាំង នៅលើ​ឆាកអន្តរជាតិ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Bloomberg ​កាលពីពេលថ្មីៗនេះ។​

ការសម្រេចចិត្ត​អនុវត្តន៍ឡើងវិញនូវគំរោងផ្លូវហាយវ៉េ​ត្រីភាគី (ឥណ្ឌា មីយ៉ាន់ម៉ា និងថៃ) គឺជាផ្នែកមួយ​នៃមហិច្ឆតា​របស់ឥណ្ឌា ក្នុងការស្ថាបនា​ផ្លូវមានប្រវែង​ដល់ទៅ ១,៣៦០គីឡូម៉ែត្រ តភ្ជាប់ពី​តំបន់ភាគ​ឦសានប្រទេសឥណ្ឌា ទៅកាន់ទីផ្សារ​នៅក្នុងប្រទេសថៃ ហើយដែលនេះ​នឹងក្លាយជា​ដំណាក់កាលបន្ទាប់ នៃការប្រកួតប្រជែង​ដណ្ដើមឥទ្ធិពល​សេដ្ឋកិច្ច និងយុទ្ធសាស្ត្រ នៅក្នុងតំបន់រវាង​ប្រទេសទំាងពីរ។

ជាងនេះទៅទៀត បើតាមទិន្នន័យ​ផ្ដល់ដោយរដ្ឋាភិបាល​ឥណ្ឌា គ្រាន់តែក្នុង​រយៈពេលពីរឆ្នាំ​មកនេះ ទីក្រុងញូដេលី បានចំណាយ​ប្រាក់ច្រើនជាង ៤.៧ពាន់លានដុល្លារ ក្នុងកិច្ចសន្យា​អភិវឌ្ឍន៍ផ្លូវនៅតាម​តំបន់ព្រំដែន ក្នុងនោះរួមមាន​ទាំងផ្លូវហាយវ៉េ ដែលនឹងភ្ជាប់ពី​ទីក្រុង Moreh នៃរដ្ឋ Manipur កាត់តាម​ទីក្រុង Tamu ប្រទេស​មីយ៉ាន់ម៉ា ឆ្ពោះទៅកាន់​ស្រុក Mae-Sot ស្ថិតនៅភាគ​ខាងត្បូង​ប្រទេសថៃ។

តែទោះជាយ៉ាងនេះក្ដី ក្រុមអ្នកជំនាញមួយ​ចំនួនយល់ថា ទីក្រុងប៉េកំាង​បានដើរមុនឥណ្ឌាមួយជំហាន នោះគឺគំរោង «ខ្សែក្រវាត់មួយ​ផ្លូវមួយ» របស់ប្រធានាធិបតី​ចិន លោក ស៊ី ជីពីង កាន់តែ​រីកចំរើនទៅមុខ​ជាមួយការរំពឹង​ទុកថា អាចនឹងមាន​ការវិយោគច្រើនជាង​កន្លះទ្រីលានដុល្លារ ពីបណ្ដាប្រទេស​ចំនួន ៦២៕