(​ប៉េកាំង)៖ កាសែតរដ្ឋចិន Global Times នៅថ្ងៃសុក្រនេះ​បានផ្សាយថា ចិនគួរតែប្រកាន់​គោលជំហរអព្យាក្រឹត បើសិនជាកូរ៉េខាងជើង​វាយប្រហារលើ​សហរដ្ឋអាមេរិកមុន ក៏ប៉ុន្តែទន្ទឹមគ្នា​បើសិន​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង បើកការវាយប្រហារ​ផ្ដូលរំលំរបបដឹកនាំ​ទីក្រុងព្យុងយ៉ាង ទីក្រុងប៉េកាំង​ដាច់ខាត​ត្រូវតែចេញ​មុខរារាំង។ នេះបើ​តាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧។

ការអត្ថាធិប្បាយរបស់ Global Times ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍​ម្សិលមិញ បានប្រើប្រាស់វោហាស័ព្ទធ្វើសង្រ្គាមសាជាថ្មី​ជាមួយ​កូរ៉េខាងជើង ​​ដោយព្រមាន​ដដែលៗថា នឹងប្រែក្លាយ​ទីក្រុងព្យុងយ៉ាង​ឱ្យទៅជា «ភ្នក់ភ្លើង និងកោលាហល»។ ចំណែកឯ​ចិនដែល​ជាសម្ព័ន្ធដ៏សំខា​ន់របស់​កូរ៉េខាងជើង នៅតែអំពាវនាវ​ឱ្យរក្សាភាព​ស្ងៀមស្ងាត់ ក៏ដូចជាបង្ហាញ​ការសោកស្ដាយ​ផងដែរ ចំពោះការបាញ់​សាកល្បង​មីស៊ីលម្ដង​ហើយម្ដងទៀត ពីសំណាក់​ទីក្រុងព្យុងយ៉ាង ព្រមទាំង​អាកប្បកិរិយាបង្កើន​ភាពតានតឹងរបស់​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​ ជាពិសេសគឺ​ការធ្វើសមយុទ្ធយោធា​រួមគ្នា រវាងប្រទេស​ទំាងពីរ។

យ៉ាងណាក៏ដោយ នៅក្នុងបទវិចារណកថា​របស់ខ្លួន កាសែតរដ្ឋចិន Global Times បានគូស​បញ្ជាក់យ៉ាង​ដូច្នេះ​ថា «ចិនគួរតែបញ្ជាក់​ឱ្យបានច្បាស់ថា បើសិនជា​កូរ៉េខាងជើង​បាញ់មីស៊ីល​លើទឹកដី​អាមេរិកមុន ហើយ​សហរដ្ឋអាមេរិក​ធ្វើការតបត នោះទីក្រុងប៉េកាំង​គួរតែប្រកាន់ គោលជំហរ​អព្យាក្រឹត... ក៏ប៉ុន្តែបើសិនជា​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក បើកការ​វាយប្រហារ ឬព្យាយាម​ផ្ដួលរំលំ​របបដឹកនាំ​ទីក្រុងព្យុងយ៉ាង ឬក៏ចង់ផ្លាស់​ប្ដូរលំនាំ​នយោបាយ នៅលើ​ឧបទ្វីបកូរ៉េ ​ដាច់ខាតចិន​ត្រូវតែចេញ​មុខរារាំង»

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ យោធាកូរ៉េខាងជើង​បានព្រមានបាញ់​គ្រាប់មីស៊ីលរយៈ​ចំងាយមធ្យម ០៤គ្រាប់ ទៅកាន់តំបន់​ក្បែរកោះហ្គាំ (Guam) របស់​សហរដ្ឋអាមេរិក ​ហើយថា​គំរាងវាយប្រហារនេះ​អាចនឹងត្រូវបញ្ចប់​នៅពាក់កណ្ដាល​ខែសីហា ដើម្បីបញ្ជូន​ឱ្យ​លោក គីម ជុងអ៊ុន សម្រេចចិត្ត​ចុងក្រោយ។ ក៏ប៉ុន្តែនេះ​មិនមែនជាលើកទី​មួយឡើយ​ដែលកូរ៉េខាងជើង និងសហរដ្ឋអាមេរិក គំរាមវាយប្រហារ​ដាក់គ្នាទៅវិញ​ទៅមកបែបនេះ៕