(ម៉ានីល)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៣រ៉ិចទ័រ (ពីដំបូង៦​.៦រ៉ិចទ័រ) ដែលបាន​វាយលុកលើក្រុង Nasugbu ក្នុងខេត្ត Batangas និងតំបន់មួយចំ​នួនទៀត នៃកោះ Luzon នោះ​ទំនងជាមិនបានបង្កការបំផ្លិចបំផ្លាញ ឬគ្រោះថ្នាក់ធ្ងន់ធ្ងរ​ដល់អាយុជីវិត​មនុស្សនោះឡើយ ដោយសារតែវា​មានជម្រៅជ្រៅ​ខ្លាំង។ នេះបើតាមការ​ចេញផ្សាយ​ដោយស្ថានីយ៍ទូរទស្សន៍ CNN នៅរសៀល​ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧។

វិទ្យាស្ថាន​ស្ទាបស្ទង់​បន្ទុះភ្នំភ្លើង និងគ្រោះរញ្ជួយ​ផែនដី​ហ្វីលីពីន​ហៅកាត់ថា Phivolcs បានឲ្យដឹងថា គ្រោះធម្មជាតិ​នេះ បានកើតឡើង​ចំតំបន់មួយ​ជាប់ទីក្រុង Nasugbu ចម្ងាយប្រមាណ ១០០គីឡូម៉ែត្រ ពីរដ្ឋធានីម៉ានីល​នារសៀល​ថ្ងៃសុក្រនេះ នៅជម្រៅដ៏​សែនជ្រៅ​គ្រាប់ផ្ទៃដី ដល់ទៅ ១៦០គីឡូម៉ែត្រ​ឯណោះ។ ហេតុ​ដូច្នេះហើយ អ្នកជំនាញ​ផ្នែកវិទ្យាសាស្រ្ត លោក Rhommel Prutas បានលើក​ឡើងថា ដោយសារតែ​គ្រោះរញ្ជួយដី​នេះ​ជ្រៅខ្លាំង វាទំនងជាមិនបានបង្កការបំផ្លិច​បំផ្លាញ ឬគ្រោះថ្នាក់អ្វីឡើយ។

ទោះបីជាបែបនេះក្តី ហេតុការណ៍រញ្ជួយផែនដី​កម្រិតធ្ងន់នេះ បានបង្កភាពភ្ញាក់​ផ្អើលយ៉ាងខ្លាំង និងបង្ខំឲ្យមនុស្សម្នា​ជាច្រើន ភៀសខ្លួនចេញពី​អគារនានា​ទៅ​រក​តំបន់​សុវត្ថិភាព ហើយសាលារៀន និងការិយាល័យ​ធ្វើការ​ជាច្រើន​នៅតាមតំបន់ទទួល​រងឥទ្ធិពល ក៏ត្រូវបានផ្អាក​ការសិក្សា ក៏ដូចជា​ការងារជាបណ្តោះ​អាសន្ន​សិនដែរ៕