(ហាណូយ)៖ សកម្មភាពចរាចរណ៍​នៃយានជំនិះដ៏ច្រើន​លើសលប់ កំពុងតែបំពុល​បរិយាកាសកាន់តែ​ខ្លាំងឡើងៗ នៅតាមទីក្រុងធំៗ​របស់វៀតណាម ដូចជាហូជី​មិញ និងហាណូយជាដើម។ នេះបើតាម​ការចេញផ្សាយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧។

ក្រសួងបរិស្ថាន និងធនធានធម្មជាតិ​វៀតណាម​បានលើកឡើងថា ដើម្បីកាត់បន្ថយ​ការបំពុលបរិយាកាស រដ្ឋាភិបាល​វៀតណាម គួរតែបន្តខិតខំ​អភិវឌ្ឍន៍​មធ្យោ​បាយធ្វើដំណើរ​សម្រាប់​សាធារណៈ និងដាក់ចេញ​នូវវិធានអន្តរជាតិតឹងរ៉ឹង​ជាងមុន សម្រាប់ការបញ្ចេញ​ផ្សែងពុលពី​យានយន្ត។ ជាមួយគ្នានេះ អាជ្ញាធរទីក្រុង​​​ហាណូយ កាលពីដើម​ខែកក្កដាកន្លងទៅ ក៏បានចេញ​សេចក្តី​សម្រេចថា នឹងដាក់បំរាម​ហាមឃាត់ លែង​ឲ្យមាន​ការ​ចរាចរណ៍ទោចក្រ​យានយន្ត (ម៉ូតូ) នៅ​តាម​ដង​ផ្លូវ​​ក្នុង​ទីក្រុង​តទៀត​ផងដែរ គិតចាប់ពី​ឆ្នាំ២០៣០​ខាងមុខទៅ ដើម្បីជួយកាត់បន្ថយ​ការ​កកស្ទះចរាចរណ៍ ក៏ដូចជា​ការបញ្ចេញ​ផ្សែងពុល។

គួរបញ្ជាក់ថា បើតាមការឲ្យដឹងពី​អនុប្រធានរងនៃ​រដ្ឋបាលបរិស្ថាន​វៀតណាម ៦០ ទៅ ៧០ភាគរយ​ នៃការបំពុលខ្យល់នៅក្នុងទីក្រុងធំ​របស់ប្រទេស​វៀតណាម គឺ​បង្កឡើងដោយសារ​តែសកម្មភាព​ធ្វើចរាចរណ៍​របស់យានជំនិះ។ ទោះបីជាមានការចេញនយោបាយកាត់បន្ថយចំនួនប្រជាជន នាទសវត្សរ៍ចុងក្រោយនេះក៏ដោយ ក៏ចំនួនប្រជាជនវៀតណាម​នៅតែកើនឡើង​ជាលំដាប់ ដោយកាលពី​ឆ្នាំ២០១៦ ប្រជាជនវៀតណាមសរុបមាន ៩២.៧លាននាក់ ដូច្នេះហើយទើបកំណើននៃការប្រើប្រាស់យានយន្ត កើនឡើងកាន់តែខ្ពស់៕