(ប៉េកាំង)៖ មនុស្ស​យ៉ាងហោច​ណាស់ ៣៦នាក់​បានស្លាប់ និង ១៣នាក់រងរបួស នៅក្នុង​គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យតក់ស្លុតបំផុតមួយ ​កើតឡើងនៅផ្លូវហាយវ៉េ (ហ្សាន ហានចុង) Xi'an-Hanzhong ស្ថិតនៅភាគពាយ័ព្យនៃខេត្ត (សានស៊ី) Shaanxi ប្រទេសចិន​កាលពីយប់​ថ្ងៃព្រហស្បតិ៍។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧។

យោងតាម​អាជ្ញាធរនៅ​ក្នុងតំបន់ គ្រោះថ្នាក់ចរាចរណ៍​ដ៏មហាប្រល័យនេះ បានកើតឡើង​នៅម៉ោង​ប្រមាណ ១១៖៣៤នាទីយប់ (ម៉ោងនៅ​ក្នុងតំបន់) នៅពេលដែល​រថយន្ដក្រុង​មួយគ្រឿងបាន បើកបុកពេញ​មួយទំហឹង​នឹងជញ្ជាំងផ្លូវ​រូងក្រោមដី (គីងលី) Qinling​ ស្ថិតនៅលើ​ផ្លូវហាយវ៉េ Xi'an-Hanzhong។

គួរបញ្ជាក់ថា រថយន្ដក្រុងខាងលើនេះធ្វើដំណើរចេញពីទីក្រុង (ចេងឌូ) Chengdu City នៃខេត្ត (ស៊ីឈាន់) Sichuan ឆ្ពោះទៅកាន់​ទីក្រុង(លូយ៉ាង) Luoyang នៃខេត្ត (ហេណាន) Henan។ ចំណែកឯ​រងរបួសកំពុង​សម្រាកព្យាបាល​នៅមន្ទីរ​ពេទ្យ ខណៈមូលហេតុនៃគ្រោះថ្នាក់​ចរាចរណ៍នេះ កំពុងស្ថិតនៅ​ក្រោមការ​ស៊ើបអង្កេត៕