(សេអ៊ូល)៖ ក្រុមសមាជិក​សភាអាមេរិក​ច្រើនជាង ៦០រូប មកពីគណបក្ស​ប្រជាធិបតេយ្យ បានជំរុញឱ្យ​រដ្ឋមន្ត្រីការ​បរទេស​អាមេរិក លោក រិច ធីល្លឺសុន បញ្ឈប់វោហាសាស្រ្ត​ធ្វើសង្រ្គាម ប្រឆាំងនឹង​កូរ៉េខាងជើង​របស់ប្រធានាធិបតី លោក ដូណាល់ ​ត្រាំ ខណៈហានិភ័យនៃជម្លោះ​យោធា​កំពុងស្ថិតក្នុង​កំរិតខ្ពស់។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧។

នៅក្នុងលិខិត​មួយរៀបចំ​ដោយ​សមាជិសភា លោក John Conyers សមាជិកសភា ៦២រូប ខាងលើ បានបង្ហាញពីក្ដីព្រួយបារម្ភយ៉ាង​ជ្រាលជ្រៅ ចំពោះការ​គំរាមកំហែង​វាយប្រហារ​កូរ៉េខាងជើង របស់លោក ដូណាល់ ត្រាំ ដែលចង់ធ្វើឱ្យ​ទីក្រុង​ព្យុងយ៉ាងក្លាយជា «ភ្លើង និងកំហឹង» បើសិនជា​នៅតែបន្ត​គំរាមកំហែង​ដល់​សហរដ្ឋអាមេរិក​ទៀតនោះ។

ក្រុមតំណាងរាស្រ្តទាំង នេះបានគូសបញ្ជាក់​ដូច្នេះថា «វោហាសាស្ត្រ​ធ្វើសង្រ្គាមប្រឆាំង​កូរ៉េខាងជើ ​គឺជាការមិន​ទទួល​ខុសត្រូវ និងមាន​គ្រោះថ្នាក់... ដូច្នេះហើយ​យើង​ជំរុញឱ្យអ្នក (លោក ធីល្លឺសុន) ធ្វើអ្វី​គ្រប់បែប យ៉ាងតាមដែល​អាចធ្វើ​ទៅបាន ដើម្បីឱ្យលោក​ប្រធានាធិបតី ត្រាំ និងក្រុមមន្ត្រី​រដ្ឋបាល​របស់លោក យល់ពី​សារៈសំខាន់នៃ​ការនិយាយស្ដី ក៏ដូចជាធ្វើ​សកម្មភាព​ប្រកបដោយ​ការប្រុងប្រយ័ត្ន និងបញ្ឈប់​វោហាសាស្ត្រ​ធ្វើសង្រ្គាមបែប​នេះទៀត»

គួរបញ្ជាក់ថា ក្រុមអ្នកតំណាង​រាស្ត្រទាំង ៦២នាក់ ក៏បានសម្ដែង​ការគាំទ្រ​ផងដែរ​ដល់អំពាវនាវ​របស់ លោក រិច ធីល្លឺសុន ដែលមាន​បំណងរៀបចំ​កិច្ចចរចា​ជាមួយ​កូរ៉េខាងជើង បើទោះជា​កូរ៉េខាងជើង​គំរាមវាយប្រហារ​លើកោះហ្គាំ (Guam​) ក៏ដោយ៕