(សេអ៊ូល)៖ ក្រុមប្រឹក្សាសន្តិសុខជាតិ​កូរ៉េខាងត្បូង (NSC)​ បានជំរុញយ៉ាង​ពេញទំហឹង​ឱ្យកូរ៉េខាងជើង បញ្ឈប់រាល់​សកម្មភាពបង្ករឿង​ទំាងឡាយជាបន្ទាន់ ហើយងាកត្រឡប់​មករកតុចរចា​វិញ ដោយថែមទំាង​និយាយទៀតថា ទ្វារចរចានៅតែ​បើកជំហរ បើសិនជា​ទីក្រុងព្យុងយ៉ាង​យល់ព្រមសហការ។ នេះបើតាមការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។

ជាមួយគ្នានោះ​ដែរ ថ្លែងទៅកាន់អ្នក​សារព័ត៌មាន អ្នកនាំពាក្យវិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី Park Soo-hyun បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «NSC បានកត់សម្គាល់ថា ស្ថានភាព​សន្តិសុខ​នៅលើតំបន់​ឧបទ្វីបកូរ៉េ ធ្លាក់ចូលក្រោម​ការគំរាមកំហែង​ធ្ងន់ធ្ងរ ដោយសារតែ​ការបង្ករឿង និងគំរាមកំហែង​ម្ដងហើយ​ម្ដងទៀត របស់​កូរ៉េខាងជើង... ក៏ប៉ុន្តែឱ្យតែ​កូរ៉េខាងជើង​យល់ ព្រមសហការបញ្ឈប់ការធ្វើសកម្មភាព​បង្ករឿង នោះទ្វារចរចា​នឹងនៅតែបើកចំហជានិច្ច»

គួរបញ្ជាក់ថា ការអំពាវនាវ​ឱ្យកូរ៉េខាងជើង​បញ្ឈប់សកម្មភាព​បង្ករឿង ជាពិសេសការ​ធ្វើតេស្ដ​មីស៊ីលផ្លោង កើតមានឡើង​តែប៉ុន្មាន​ម៉ោងប៉ុណ្ណោះ​ បន្ទាប់ពី​ទីក្រុងព្យុងយ៉ាង​គំរាមវាយប្រហារលើ​កោះហ្គាំ (Guam)​ សាជាថ្មី ហើយថា ផែនការនេះ​​នឹងត្រូវបញ្ចប់​ឱ្យ​បានមុន​ពាក់កណ្ដាល​ខែសីហា​នេះ ដើម្បីបញ្ជូនបន្ត​ទៅ លោក គីម ជុងអ៊ុន ធ្វើការត្រួតពិនិត្យ និងចេញបញ្ជាតែម្តង៕