(វ៉ាស៊ីនតោន)៖ ការសិក្សាស្រាវជ្រាវ​មួយ​បានអះអាងថា សត្វដាយណូស័រ​អម្បូរថ្មី​មួយប្រភេទ មានទំហំដ៏សែនធំ​មហិមា​ជាងគេបង្អស់ ដែល​បើ​យក​​ទៅ​ធៀប​​ជាមួយ​ និង​ដាយណូស័រ​ស៊ីសាច់​ជាអាហារ Tyrannosaurus Rex ឬ T-Rex ដ៏កំណាចគួរ​ឲ្យខ្លាចវិញ​នោះគឺ T-Rex ប្រៀបដូចជា​កូនដាយណូស័រ​តូចមួយអ៊ីចឹង។ នេះ​បើ​តាម​ការ​​ចេញផ្សាយ​ដោយ សារព័ត៌មាន Independent នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។

ហ្វូស្ស៊ីល (Fossil) របស់សត្វ​ដាយណូស័រនេះ ត្រូវបានគេរកឃើញ​នៅភាគខាងត្បូង​ប្រទេសអាហ្សង់ទីន កាលពីឆ្នាំ​២០១២ ហើយនាពេល​ថ្មីៗនេះ ក្រុមអ្នក​ស្រាវ​ស្រាវ ដែលបានធ្វើ​ការត្រួតពិនិត្យ និងកំណត់​អាយុកាលឲ្យពួកវានោះ​បាននិយាយថា សត្វដែលមាន​ក៏ដ៏វែងនេះ គឺធំជាងគេបំផុត នៅក្នុងចំណោមក្រុម​សត្វ​ដាយណូស័រ​យក្សស៊ីរុក្ខជាតិ​ជាអាហារ ដែលគេហៅថា Titansosars។

ក្រុមអ្នកស្រាវជ្រាវ​បានដាក់ឈ្មោះឲ្យសត្វ​ដាយណូស័រនេះថា «Patagotitan Mayorum» តាមតំបន់ Patagonia ដែលបានរកឃើញ​គ្រោងឆ្អឹងរបស់វា និងពាក្យ Titan របស់ក្រិចដែល​មានន័យថាធំ ហើយឈ្មោះ​ទីពីររបស់វា គឺដើម្បីជាការគោរព​ដល់ក្រុមគ្រួសារមួយ ដែលបានផ្តល់ទីកន្លែងស្នាក់​អាស្រ័យបណ្តោះអាសន្ន​ដល់ក្រុមការងារ​ក្នុងបេសកកម្ម​ស្រាវជ្រាវនេះ។

ហ្វូស្ស៊ីល​ចំនួន ០៦ របស់វា​ត្រូវបានគេសិក្សាថា មានអាយុកាល​ប្រមាណជា ១០០លានឆ្នាំហើយ ដោយផ្អែក​ទៅលើកម្ទេចផេះ​នៅជុំវិញពួកវា។ សត្វដាយ​ណូស័រ Patagotitan ត្រូវគេជឿជា​ក់ថា មានទម្ងន់​ប្រហែល ៦២តោន និងកម្ពស់ជិត ០៦ម៉ែត្រ គិតត្រឹម​ស្មារបស់វា ហើយបើវាស់​ចាប់ពីក្បាល​ដល់ចុងកន្ទុយ​មានប្រវែង​យ៉ាង​តិច ៣៧ម៉ែត្រឯណោះ។

បើសិនជាអ្នក​ពិបាកក្នុងការស្រមៃ​ចេញជារូបភាពរបស់វា​គួរជ្រាបថា​ ដាយណូស័រ Patagotitan មានទំហំប៉ុនសត្វ​ដំរីប្រហែល ០៧ក្បាល, ធំជាងរថយន្តក្រុង​ពីរ​គ្រឿងទៅទៀត ឬក៏ប្រហាក់​ប្រហែលនឹងពាក់​កណ្តាល នៃទទឹងរបស់​ស្តាតបាល់ទាត់​ទូទៅមួយ ដែលវាវែង​ជាងដាយណូស័រ Brachiosaurus និង​ត្រីបាឡែន​ខៀវ​​យក្ស​សព្វ​ថ្ងៃ​ទៅទៀត ដោយសត្វទាំង​ពីរប្រភេទនេះ​មានប្រវែង​អតិប្បរមាត្រឹម ៣០ម៉ែត្រ អីតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា Patagotitan ក៏មានគូប្រជែង​សម្រាប់តំណែង​ជាសត្វលើកគោក​ធំជាងគេបង្អស់ផងដែរ ដោយសត្វដាយណូស័រ​ស្រដៀង​គ្នានេះ មាន​ឈ្មោះថា Argentinosaurus ត្រូវបាន​គេគណនាថា មានទម្ងន់លើសពី ៨០តោន ក៏ប៉ុន្តែតាមពិត​ទៅវាមានទំហំ​តូចជាង Patagotitan ១០ភាគរយ៕