(ប៉េកាំង)៖ ចំនួនមនុស្ស​ស្លាប់បានកើន​ដល់ ២០នាក់ និងរបួស ៤៣១នាក់ បន្ទាប់ពីគ្រោះរញ្ជួយផែនដី​កក្រើកកម្រិត ៧.០រ៉ិចទ័រ បានវាយប្រហារ​ក្នុងខេត្ត Sichuan ភាគនិរតី​ប្រទេសចិន កាលពីយប់ថ្ងៃអង្គារ​សប្តាហ៍នេះ។ នេះបើតាមការ​បញ្ជាក់ពីអាជ្ញាធរ​ក្នុងតំបន់កើតហេតុ ដកស្រង់សម្តី​ដោយទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។

ដោយឡែក​មនុស្សចំនួន ១៨នាក់ ក្នុងចំណោម​អ្នកដែលបានទទួលរង​របួសទាំងជាង ៤០០នាក់ កំពុងស្ថិតក្នុង​ស្ថានភាពធ្ងន់ធ្ងរ​នៅឡើយ។ ជាមួយគ្នានេះភ្ញៀវ​​ទេសចរ​ច្រើនជាង ៥០,០០០នាក់ ក្នុងនោះមាន​ជនបរទេស ១២៦នាក់ ត្រូវបាន​ជម្លៀសខ្លួន​ជាបន្ទាន់ បន្ទាប់ពីគ្រោះធម្មជាតិ​ដ៏អាក្រក់នេះ បានអង្រួន​ស្រុក Jiuzhaigou កាលពីវេលា​ម៉ោង ៩៖១៩នាទី យប់ថ្ងៃអង្គារកន្លងទៅ ពីជម្រៅ ២០គីឡូម៉ែត្រ ក្រោមផ្ទៃដី។

គួរបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍​ជាច្រើន​ក្នុងចំណោមជនរងគ្រោះ ដែលបានបាត់បង់​ជីវិតទាំង ២០នាក់ មានភ្ញៀវទេសចរ​យ៉ាងតិច ០៨នាក់ ផងដែរ៕