(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ចិនគ្រោង​នឹងបង្កើតមូលដ្ឋាន​ ដែលស្ថិតក្នុង​លក្ខខណ្ឌ​ស្រដៀងនឹង​ភពអង្គារ (Mars) ដំបូងបំផុត​របស់ខ្លួន នៅខេត្ត Qinghai ភាគពាយ័ព្យនៃ​ប្រទេស​ ដើម្បីលើកកម្ពស់​ការសិក្សាអប់រំផ្នែកអវកាស និងវិទ្យាសាស្រ្ត ក៏ដូចជា​ក្នុងគោលបំណង​ជំរុញវិស័យទេសចរណ៍​ក្នុងតំបន់ថែមទៀត។

២៖ មន្ត្រីយោធាអាមេរិក​ លោកអនុសេនីយ៍ឯក Paul W. Tibbets IV បានអះអាងថា សហរដ្ឋអាមេរិក​បានចាត់ទុក​អាវុធនុយក្លេអ៊ែរ គឺជារនាំង​ការពារខ្លួន​ដ៏មានប្រសិទ្ធិភាព និងមិនអាច​ខ្វះបានក្នុង​នាមជា​មហាអំណាច ខណៈទីក្រុងម៉ូស្គូ​កំពុងអភិវឌ្ឍន៍មីស៊ីលផ្លោងឆ្លងទ្វីប ICBM បំពាក់នៅ​លើរថភ្លើង។

៣៖ កងទ័ពរំដោះ​ប្រជាជនចិន (PLA) កំពុងត្រៀមរៀបចំ​មហាព្រឹត្តិការណ៍​ដ៏ធំមួយ ដែលនឹងកក្រើក​ពិភពលោក នាថ្ងៃទី០១ ខែសីហា ពោលគឺដើម​សប្តាហ៍​ក្រោយនេះ ដើម្បី​អប​អរ​សា​ទរ​​គម្រប់​ខួប​ទី​៩០​ឆ្នាំរបស់ខ្លួន។

៤៖​ យន្តហោះខ្នាតតូចមួយគ្រឿង​បានធ្លាក់នា​ថ្ងៃពុធសប្តាហ៍​នេះ (ពេលវេលា​នៅតំបន់​កើតហេតុ) ទៅចំផ្លូវថ្នល់ជាតិ​មួយខ្សែ ដែលស្ថិត​ក្នុងរដ្ឋ Utah ភាគខាងលិច​សហរដ្ឋអាមេរិក ហើយបាន​ឆក់យកជីវិត​មនុស្សចំនួន ០៤នាក់ ដែលជិះនៅ​លើនោះ។

៥៖ អតីតមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Joseph Cirincione បានអំពាវនាវ​ឱ្យសហរដ្ឋអាមេរិក ប្រមូលអាវុធនុយក្លេអ៊ែរ​របស់ខ្លួន​ពីមូលដ្ឋានទ័ព​អាកាសតួកគី Incirlik ខណៈទំនាក់ទំនង​រវាងទីក្រុង​វ៉ាស៊ីនតោន និងទីក្រុង​អង់ការ៉ា នៅតែបន្ត​តានតឹង។

៦៖ លោក ដូណាល់ ត្រាំ បានប្រកាសពី​ការដាក់ទណ្ឌកម្មទៅលើ មន្រ្តី​រដ្ឋាភិបាល​វេណេស៊ុយអេឡា​ចំនួន ១៣រូប ស្របពេល​ដែលទីក្រុង​​វ៉ាស៊ីនតោន បាននិងកំពុង​ព្យាយាម​រារាំង ប្រធានាធិបតី​នៃប្រទេសអាមេរិក​ឡាទីនមួយនេះ គឺលោក Nicolas Maduro មិនឲ្យ​បន្តអនុវត្តន៍​គម្រោង​របស់​ខ្លួន ដែលសំដៅ​ចង់កែប្រែរដ្ឋធម្មនុញ្ញ​ រប​ស់ប្រទេសអាមេរិកឡាទីនមួយនេះ៕