(ញូដេលី)៖ មនុស្សសរុបចំនួន៩៤នាក់ បានបាត់បង់ជីវិតដោយសារតែ គ្រោះទឹកជំនន់បង្កឡើង ដោយរដូវភ្លៀងដ៏ជោគជាំ នៅរដ្ឋ Gujarat ភាគខាងលិច​ប្រទេស​ឥណ្ឌា។ នេះបើតាមការឲ្យ ដឹងពីអាជ្ញាធរឥណ្ឌាដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧។

មន្រ្តីរដ្ឋាភិបាលប្រចាំរដ្ឋរងគ្រោះលោក Bhupendrasinh Chudasama បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Gandhingar នៃរដ្ឋ Gujarat ថាមកទល់ពេលនេះមនុស្សចំនួន ៩៤នាក់ហើយ បានស្លាប់​ដោយសារហេតុការណ៍ភ្លៀងធ្លាក់ ក្នុងអំឡុងរដូវវស្សាដ៏ជោគជាំ នាពេលបច្ចុប្បន្ននេះនៅរដ្ឋ​មួយ​នេះ។ យោងតាមលោក Chudasama ប្រតិបត្តិការជួយសង្រ្គោះ និងផ្តល់ជំនួយ នៅតាមតំបន់រងការប៉ះពាល់ក៏កំពុងតែបន្តប្រព្រឹត្តទៅយ៉ាងសកម្មជា​ទីបំផុតផងដែរ។ ក្រៅពីនេះ មនុស្សជាង៥៣,០០០នាក់ ក៏ត្រូវបានជម្លៀសខ្លួន ហើយប្រមាណ៤៥,០០០នាក់ កំពុងបន្តជ្រកកោននៅទីសុវត្ថិភាពថែម​​ទៀតផង។

គួរបញ្ជាក់ថា គ្រោះទឹកជំនន់បង្កឡើងដោយទឹកភ្លៀងយ៉ាងជោគជាំនេះ ក៏បាននិងកំពុងវាយប្រហារខេត្ត Assam ភាគឦសានប្រទេសផងដែរ ដែលវា​បាន​ជះផលប៉ះពាល់ដល់ប្រជាជន ឥណ្ឌា១.៩លាននាក់ និងបានឆក់យកជីវិតមនុស្សចំនួន៧០នាក់៕