(​​វ៉ាស៊ីនតោន)៖ មន្ត្រីយោធាអាមេរិក​ លោកអនុសេនីយ៍ឯក Paul W. Tibbets IV បានអះអាងថា សហរដ្ឋអាមេរិក​បានចាត់ទុក​អាវុធនុយក្លេអ៊ែរ គឺជារនាំង​ការពារខ្លួន​ដ៏មានប្រសិទ្ធិភាព និងមិនអាច​ខ្វះបានក្នុង​នាមជា​មហាអំណាច ខណៈទីក្រុងម៉ូស្គូ​កំពុងអភិវឌ្ឍន៍មីស៊ីលផ្លោងឆ្លងទ្វីប ICBM បំពាក់នៅ​លើរថភ្លើង។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងពិធី​មួយរៀបចំ​ឡើងក្នុងរដ្ឋ Nebraska លោក Tibbets បានលើកឡើងយ៉ាងដូច្នេះថា «ចាប់តាំងពី​សម័យអតីត​ប្រធានាធិបតី​អាមេរិក លោក Eisenhower មកទល់​បច្ចុប្បន្ន អាវុធនុយក្លេអ៊ែរ គឺជារនាំងការពារខ្លួន​ដ៏មាន​ប្រសិទ្ធិភាព ដែលយើង​ចាំបាច់ត្រូវតែមាន​ក្នុងនាមជា​មហាអំណាច... ត្បិតវាបានរក្សាស្ថេរភាពយុទ្ធសាស្ត្រ​ អស់រយៈពេល​ជាច្រើនឆ្នាំ​មកនេះ ហើយ សហរដ្ឋអាមេរិក​នឹងបន្តធ្វើ​ទំនើបកម្ម​វិស័យយោធា​របស់ខ្លួន»។

គួរបញ្ជាក់ថា ការថ្លែងបែបនេះ​របស់ លោក Paul W. Tibbets IV ធ្វើឡើងចំពេល​ទីក្រុងម៉ូស្គូ កំពុងស្ថិតនៅ​ក្នុងដំណាក់​កាលអភិវឌ្ឍន៍មីស៊ីល ICBM បំពាក់នៅ​លើរថភ្លើង ដែលអាចនឹងចាប់ ផ្ដើមធ្វើតេស្ដ​សាកល្បងជា​លើកដំបូ​ងនៅឆ្នាំ២០១៩៕