(វ៉ាស៊ីនតោន)៖ នាយកទីភ្នាក់ងារចារកម្មអាមេរិក CIA​ លោក Mike Pompeo ​បាននិយាយថា ចិនគឺជាការគំរាមកំហែងដ៏ធំបំផុត ដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក នៅលើពិភពលោក ដោយសារតែទីក្រុងប៉េកាំង​មានសេដ្ឋកិច្ចរឹងមាំ និងប្រជាជនច្រើន។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧។

ការលើកឡើង​បែបនេះរបស់ លោក Pompeo ធ្វើឡើង​នៅក្នុងបទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Free Beacon មានមូលដ្ឋាន​ក្នុងទីក្រុង​វ៉ាស៊ីនតោន។ ថ្លែងនាឱកាស​នោះដែរ នាយក CIA រូបនេះបាន​បញ្ជាក់ថា ពួកភេរវករ និងកូរ៉េខាងជើង គឺជាការគំរាមកំហែង​រយៈពេលខ្លី​ដល់ផលប្រយោជន៍​សន្តិសុខអាមេរិក ប៉ុន្តែចិន រុស្ស៊ី និងអ៊ីរ៉ង់ គឺជាមេគ្រោះដ៏ធំ​រយៈពេលវែង​គួរឱ្យព្រួយ​បារម្ភ សម្រាប់សហរដ្ឋអាមេរិក។

លោក Pompeo បានលើកឡើងយ៉ាងដូច្នេះថា «វាពិតជាពិបាកណាស់​ក្នុងការជ្រើសរើស​រវាងចិន រុស្ស៊ី និងអ៊ីរ៉ង់ ថាមួយណាជាការគំរាមកំហែងផលប្រយោជន៍​អាមេរិក តែបើសិនជា​ត្រូវតែជ្រើសរើស ខ្ញុំនឹងជ្រើសរើសយកចិន ត្បិតចិនមាន​ប្រជាជនច្រើន និងសេដ្ឋកិច្ចរឹងមំា ផ្ទុយពីរុស្ស៊ី និងអ៊ីរ៉ង់ ដែលពឹងផ្អែកភាគច្រើន​តែទៅលើការលក់ឧស្ម័ន»

គួរបញ្ជាក់ថា បើតាមអ្នក​ជំនាញខ្លះ ជម្លោះនៅសមុទ្រ​ចិនខាងត្បូង និងសំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង អាចនឹងជំរុញ​ឱ្យចិន និងសហរដ្ឋអាមេរិក ប្រឈមមុខដាក់​គ្នា​ដោយផ្ទាល់ ឬក៏ការ​ប៉ះទង្គិចគ្នាដោយកម្លាំងយោធា នៅថ្ងៃណាមួយ៕