​(សេអ៊ូល)៖ ក្រុមហ៊ុន Samsung Electronics នៅថ្ងៃព្រហស្បតិ៍នេះ​បាន​អះអាងថា ផលចំណេញ​ដុល​របស់ខ្លួន​បានកើនឡើង​ដល់ទៅ ១១ទ្រីលានវ៉ុន (៩,៨ពាន់លានដុល្លារ) សម្រាប់​ត្រីមាសទី០២ ក្នុងឆ្នាំ២០១៧នេះ ហើយដែលនេះ​អាចនិយាយបានថា វាមានកំណើនរហូត ៨៩ភាគរយ បើប្រៀបនឹងរយៈពេល​ដូចគ្នាកាលពីឆ្នាំមុន ដោយសារតែការលក់ផលិតផលបន្ទះ Chips មានការកើនឡើងខ្លាំងក្លា។ នេះបើ​តាមការចេញ​ផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧។

ផលចំណេញដុល​របស់ក្រុមហ៊ុន Samsung មានការកើន​ឡើងខ្លាំង បើធៀបទៅនឹង​ទៅនឹងរយៈពេល​ដូចគ្នាកាលពីឆ្នាំ២០១៦។ ម្យ៉ាងវិញទៀត ផលចំណេញ​នៃការធ្វើអាជីវកម្ម​នៅត្រីមាស​ទី០២នេះ ក៏បានកើន​ឡើង ១៤.១ទ្រីលានវ៉ុនផងដែរ គិតត្រឹមពី​ខែមេសា ដល់ខែមិថុនា ឬមានកំណើន ៧២,៩ភាគរយ​ក្នុងមួយឆ្នាំ គិតចាប់តាំងពី​​ត្រីមាសទី០៣ នៃ​ឆ្នាំ២០១៣។

គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន Samsung អត្រាលក់របស់​ក្រុមហ៊ុន​នៅត្រីមាសទី០២ បានកើន​ឡើង ១៩.៧៦ភាគរយ នៅក្នុងមួយឆ្នាំ ឬស្មើនឹង ៦១ទ្រីលានវ៉ុន ខណៈប្រាក់ចំណូលមាន ការកើនឡើងខ្ពស់​ជាងការរំពឹងទុក​ដល់ទៅ ១០.១ទ្រីនលានវ៉ុន៕