(ប៉េកាំង)៖ ឆ្នាំ២០១៧ គឺឆ្នាំដ៏ធំបំផុតសម្រាប់​យោធាប្រទេសចិន ស្របពេលដែល​កងទ័ពរំដោះ​ប្រជាជនចិន (PLA) របស់មហាយក្ស​នៅអាស៊ីមួយនេះ​ កំពុងត្រៀមរៀបចំ​មហាព្រឹត្តិការណ៍​ដ៏ធំមួយ ដែលនឹងកក្រើក​ពិភពលោក នាថ្ងៃទី០១ ខែសីហា ពោលគឺដើម​សប្តាហ៍​ក្រោយនេះ ដើម្បី​អប​អរ​សា​ទរ​​គម្រប់​ខួប​ទី​៩០​ឆ្នាំ របស់ខ្លួន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃ​ព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧។

ខណៈថ្ងៃទី០១ ខែសីហា ដែលជាថ្ងៃចាប់​កំណើតរបស់ ​PLA កំពុងតែខិតជិតចូល​មកដល់ កងទ័ពចិនបាន​បង្ហាញពីការរីកចម្រើន​យ៉ាងខ្លាំងក្លា ​នៃសមត្ថភាព​កម្លាំងយោធា​របស់ខ្លួន ក្នុងអំឡុងពេលកន្លងទៅនេះ និងបានសម្តែងឲ្យ​ពិភពលោកទាំងមូលបាន​ឃើញថា ពីទំហំនៃការខិតខំ​ប្តេជ្ញាចិត្តរបស់ខ្លួន​ ក្នុង​ការថែរក្សាសន្តិភាព​ក៏ដូចជាស្ថិរភាព​សាកលលោក។

កងទ័ព PLA បានឆ្លងកាត់ប្រវត្តិសាស្រ្តដ៏វែងឆ្ងាយគិតចាប់តាំងតែ​ពីការចាប់កំណើត​របស់ខ្លួន កាលអំឡុងការ​បះបោរប្រដាប់អាវុធ នៅក្នុងទីក្រុង Nanchang កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ១៩២៩ នៅពេលដែល PLA មានកម្លាំងត្រឹម​តែ ២០,០០០នាក់ប៉ុណ្ណោះ។ ដោយឡែក​រយៈពេល ៩០ឆ្នាំក្រោយ​មក ប្រទេសចិន​បានបង្កើនចំនួនកងទ័ព​ដល់ទៅប្រមាណ​ពីរលាននាក់ ក្នុងចំណោមចំនួនប្រជាជន​ដ៏ច្រើនសម្បើម​របស់ខ្លួន។

ក្រៅ​ពី​ការ​កើន​​ឡើង​ក្នុង​បរិមាណ​​ទ័ព PLA ក៏បាន​បំពាក់​​កង​ទ័ព​របស់​ខ្លួន​​នូវ​បរិក្ខា​ក៏ដូច​ជាសព្វាវុធទំនើបៗ​លំដាប់​ពិភពលោក​ផងដែរ ខណៈកាល​ពេល​កន្លង​ទៅនេះ ចិនទើបតែ​បានបង្អួតបង្ហាញ​ពីយន្តហោះ​ចម្បាំង ផលិតដោយផ្ទាល់ដៃ និងដាក់ឲ្យប្រើប្រាស់នូវនាវាដឹកយន្តហោះចម្បាំងដ៏ថ្មីសន្លាង​មួយ​គ្រឿង រួមទាំងនាវា​ចម្បាំង និងពិឃាតមួយចំនួនថែមទៀតផង។

គួរបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០១៧ យោធាចិន​បានចូលរួមក្នុង​បេសកកម្ម​ថែរក្សាសន្តិភាព​ចំនួន២៤ របស់អង្គការ​សហប្រជាជាតិ តាមរយៈការ​បញ្ចូនកងទ័ព​របស់ខ្លួន​ប្រមាណ ៣១,០០០នាក់ ដែល ១៣នាក់ ក្នុងចំណោម​នោះបាន​ពលីជីវិត ក្នុងអំឡុងពេល​នៃការបំពេញ​ភារកិច្ច។ ម៉្យាងវិញទៀត​ ចាប់តាំងពី​ឆ្នាំ២០០៨ មកកងទ័ពជើងទឹកចិន បានបញ្ជូនក្រុមនាវា​អមដំណើររបស់ខ្លួន​ចំនួន ២៦ ទៅចូលរួមបេសកកម្មផ្សេងៗ រួមមានទាំងនាវា​​ជាង​ ៧០គ្រឿង សម្រាប់បេសកកម្ម​អមដណើរ​នៅឈូងសមុទ្រ Aden និងក្បែរឆ្នេរសមុទ្រ​ប្រទេស​សូម៉ាលីជាដើម។ នៅក្នុងអំឡុង​បេសកកម្មទាំងនេះ នាវា​ចិនក៏ដូចជាបរទេស​លើស​ពី ៦,៣០០គ្រឿង ត្រូវបានការពារ​ដោយ​ជោគជ័យ៕