(អាមេរិក)៖ យន្តហោះខ្នាតតូចមួយគ្រឿង​បានធ្លាក់នា​ថ្ងៃពុធសប្តាហ៍​នេះ (ពេលវេលា​នៅតំបន់​កើតហេតុ) ទៅចំផ្លូវថ្នល់ជាតិ​មួយខ្សែ ដែលស្ថិត​ក្នុងរដ្ឋ Utah ភាគខាងលិច​សហរដ្ឋអាមេរិក ហើយបាន​ឆក់យកជីវិត​មនុស្សចំនួន ០៤នាក់ ដែលជិះនៅ​លើនោះ។ នេះបើតាម​ការសេចក្តីរាយការណ៍​របស់ស្ថានី​យ៍ទូរទស្សន៍​ក្នុងស្រុករបស់​អាមេរិក ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧។

គ្រោះថ្នាក់ខាងលើ​បានកើតឡើង នាវេលាម៉ោង​ប្រមាណ ១៖០០នាទីរសៀលថ្ងៃពុធ​សប្តាហ៍​នេះ នៅពេលដែល​យន្តហោះធុនតូច​ប្រភេទ Beech A36 Bonanza បានធ្លាក់នៅ​អំឡុងពេលកំពុង​ធ្វើដំណើរ​បានពាក់​កណ្តាលផ្លូវ បន្ទាប់ពីបាន​ហោះហើរ​ចាកចេញពី អាកាសយានដ្ឋាន​មួយកន្លែង ដែលស្ថិត​​នៅ​ចម្ងាយ ៦០គីឡូម៉ែត្រ ភាគខាងជើង​ទីក្រុង Salt Lake នៃរដ្ឋ Utah។

យោងតាមរូបភាព​មួយចំនួន​បង្ហោះនៅលើ​បណ្តាញសង្គម Twitter យន្តហោះនោះ​បានធ្លាក់ ដោយពុំបាន​ប៉ះជាមួយយាន​ជំនិះ ដែលកំពុងបើកបរ​ទៅមក​​នៅលើ​ដងវិថីកើតហេតុ​នោះឡើយ ហើយអ្នកបើកបរ​ដែលនៅក្បែរៗនោះ ក៏បានឈប់យាន​ជំនិះរបស់​ពួកគេភ្លាមៗ រួចប្រញាប់ប្រញាល់​ទៅជួយជនរង​គ្រោះ។ សាក្សីម្នាក់​ឈ្មោះ April Demetropolis បានឲ្យដឹងថា យន្តហោះ​ខ្នាតតូចមួយ​គ្រឿងនោះ បានធ្លាក់ចុះមក​យ៉ាងលឿនស្លេវ ហើយមុជ​ទៅចំ​​កណ្តាលផ្លូវ។ ក្រោយមកវា​ក៏បានផ្ទុះឡើង​ជាមួយអណ្តាត​ភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅ​ពាសពេញ​ដងវិថីទាំងមូល។ សាក្សីម្នាក់​ទៀតឈ្មោះ Randy Paulson បាននិយាយថា វាគឺជាធំភ្លើង​ក្រហម​ដ៏ធំមហិកមា ដូច្នេះគ្មាន​នរណាម្នាក់អាច​នៅរស់រាន​មានជីវិតនោះឡើយ។

គួរបញ្ជាក់ថា ឈ្មោះនៃជនរងគ្រោះទាំងបួននាក់​ដែលស្ថិតលើយន្តហោះនោះ មិនត្រូវបានបញ្ចេញ​ឲ្យដឹងនោះទេ ហើយមូលហេតុ​នៅពីក្រោយ​សោក​នាដកម្មនេះ ក៏កំពុងស្ថិតក្រោម​ការស៊ើបអង្កេត​ផងដែរ៕