​(អង់ការ៉ា)៖ អតីតមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Joseph Cirincione បានអំពាវនាវ​ឱ្យសហរដ្ឋអាមេរិក ប្រមូលអាវុធនុយក្លេអ៊ែរ​របស់ខ្លួន​ពីមូលដ្ឋានទ័ព​អាកាសតួកគី Incirlik ខណៈទំនាក់ទំនង​រវាងទីក្រុង​វ៉ាស៊ីនតោន និងទីក្រុង​អង់ការ៉ា នៅតែបន្ត​តានតឹង។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik ​នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧។

នៅក្នុងបទសម្ភាសន៍​ជាមួយគេហទំព័រ Stars and Stripes លោក Joseph Cirincione បានអះអាងថា មូលដ្ឋាន​ទ័ពតួកគី គឺជាកន្លែង​គ្មានសុវត្ថិភាព និងអាក្រក់បំផុត​ក្នុងការរក្សាទុកអាវុធ​នុយក្លេអ៊ែរ​អាមេរិក​ជាង ៥៩គ្រាប់ ដោយក្នុងនោះ​មានទំាង​គ្រាប់បែក B16 មានកម្លាំង​ផ្ទុះខ្លាំង​ជាង ១០ដង បើធៀបទៅ​នឹងគ្រាប់បែក​នុយក្លេអ៊ែរ ដែលសហរដ្ឋអាមេរិក​បានទម្លាក់លើ​ទីក្រុង Hiroshima ប្រទេសជប៉ុន​កាលពី​អំឡុងឆ្នាំ១៩៤៥។ ជាងនេះ​ទៅទៀត លោក Cirincione ក៏បានស្នើឱ្យ​ទីក្រុងវ៉ាស៊ីនតោន ផ្លាស់បូរ​ទីតាំងកងទ័​ពអាមេរិក ២,៥០០នាក់ នៅមូលដ្ឋានទ័ព Cirincione ផងដែរ។

គួរបញ្ជាក់ថា ទំនាក់ទំនង​រវាងតួកគី និងសហរដ្ឋអាមេរិក​ចាប់ផ្ដើមតានតឹងនឹងគ្នា​បន្ទាប់ពីមានរដ្ឋប្រហារ​មិនបាន​សម្រេច​នៅតួកគី កាលពី​ខែកក្កដា ឆ្នាំ២០១៦។ មិនតែប៉ុណ្ណោះ​នៅ​ពេលនេះ តួកគី​ហាក់ដូចជា​មិនសូវអើពើ​នឹង​ទីក្រុងវ៉ាស៊ីនតោន​ឡើយ ដោយថែមទំាង​ទៅចូលរួមជា​មួយរុស្ស៊ី និងអ៊ីរ៉ង់ ស្វែងរកបទ​ឈប់បាញ់​នៅស៊ីរី ដោយទុក​សហរដ្ឋអាមេរិក​ចោល​ទៀតផង៕