(ញូយ៉ក)៖ វាមិនមែនជា​រឿងភ្ញាក់ផ្អើលនោះទេ សម្រាប់ការស្វែងរក​ប្រភពទឹកនៅលើ​ឋានព្រះច័ន្ទ ដែលជាផ្កាយរណបធម្មជាតិ​​របស់ផែនដី ប៉ុន្តែសម្រាប់​ការហ៊ានអះអាងថា នៅក្នុងផ្ទៃព្រះច័ន្ទ​ដ៏ហួតហែងមាន​លាក់នូវ​ទឹករាវនោះ វាពិតជារឿង​ដែលភ្ញាក់ផ្អើលខ្លាំង​ណាស់ ព្រោះកន្លងមក​ទាំងអង្គការ NASA និងទីភ្នាក់ងារ​អវកាសមួយ​ចំនួនធ្លាប់អះអាង​ហើយថា ព្រះច័ន្ទជា​ទីឋានស្លាប់ ហើយគ្មានទឹក​នៅក្នុងស្រទាប់ក្នុងនោះឡើយ ដោយមានតែ​ដុំថ្មរឹងប៉ុណ្ណោះ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ដោយ សារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។

តាមរយៈទិន្នន័យ​ដែលត្រូវបានវិភាគ និងបញ្ជូនមក​តាមរយៈផ្កាយរណប ក្រុមអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យ Brown ក្នុងសហរដ្ឋអាមេរិក បានរកឃើញទឹកតិចតួច​នៅក្នុងរណ្តៅភ្នំភ្លើង និងនៅក្នុងស្រទាប់ថ្មដែលរាលដាល​នៅលើផ្ទៃរបស់​ព្រះច័ន្ទ ដែលជាកន្លែងធ្លាប់​មានភ្នំភ្លើងផ្ទុះឡើង កាលពីរាប់ពាន់លានឆ្នាំមុន។ ទិន្នន័យ​នេះអាច​បញ្ជាក់បានថា ទឹកជាច្រើន​កំពុងតែលាក់ខ្លួន​នៅក្នុងស្រទាប់ជ្រៅ​របស់ព្រះច័ន្ទ ដែលស្ថិតនៅចន្លោះ​ស្រទាប់ក្នុង និងស្នូលរបស់វា​តែម្តង។

បន្ថែមពីខាង​លើនេះ សាស្ត្រាចារ្យ Ralph Milliken ដែលដឹកនាំ​ការសិក្សានេះ បានបញ្ជាក់ប្រាប់​បណ្តាញ​ព័ត៌មាន CNN ថា «ការរកឃើញ​កាលពីអតីត ចំពោះទឹកនៅលើ​ឋានព្រះច័ន្ទនោះ មិនមែនបាន​មកពីប្រភពតិចតួច​នោះទេ»។ ព្រះច័ន្ទត្រូវ​បានគេជឿជាក់ថា ត្រូវបានបង្កើត​ឡើងបន្ទាប់ពីវត្ថុ​អវកាសមួយប៉ុន​ភពអង្គារ បុកទង្គិចនឹង​ផែនដីពេញ​មួយទំហឹង​កាលពីជាង ៤ពាន់លានឆ្នាំមុន ហើយវត្ថុធាតុ​ជាច្រើនត្រូវបាន​បែកខ្ញែក និងប្រមូលផ្តុំ​(ក្នុងនោះអាចមានទឹកផងដែរ) ក្លាយជាព្រះច័ន្ទ​ដែលគោចរជុំវិញ​ផែនដី​តែម្តង ហេតុដូច្នេះ​ទើបក្រុមអ្នកស្រាវជ្រាវ ពិបាកនឹងមិន​ជឿណាស់ថា នៅលើព្រះច័ន្ទ​គ្មានទឹកនោះ។

ទោះបីជាបែបនេះក្តី ក្រុមអ្នកស្រាវជ្រាវនានាសន្មត់ថា ទឹកនៅលើព្រះច័ន្ទពិតជាមាន ប៉ុន្តែថាតើវាមានប្រភព​មកពីណានោះ គឺជាសំនួរដែល​មិនទាន់មានចម្លើយ។ វាក៏អាចជាពន្លឺដែរថា នឹងអាចមាន​បេសកកម្មរុករក​ទឹកនៅលើ​ព្រះច័ន្ទ នាថ្ងៃអនាគត​ផងដែរ៕