(វៀងច័ន្ទ)៖ ប្រទេសឡាវ​នឹងដាក់ខ្សែភាពយន្ត​ចំនួនពីរ​របស់ខ្លួនមានចំណង​ជើងថា «At the Horizon» និង «Dearesst Sister» ដើម្បីចូលរួម​ប្រកួតប្រជែង​​ក្នុងមហាព្រឹត្តិការណ៍​លំដាប់​ពិភពលោក Oscars Award ឬក៏ Academy Award នាឆ្នាំ​ក្រោយនេះ។ នេះបើតាម​សេចក្តីរាយការណ៍​របស់ទីភ្នាក់ងារ​ព័ត៌​មានឡាវ KPL ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧។

ការសម្រិតសម្រាំង​ក៏ដូចជាជ្រើសរើស​នៃភាពយន្តទាំងពីរ​ខាងលើ សម្រាប់ការ​ប្រកួតប្រជែង​លក្ខណៈ​អន្តរជាតិនេះ ត្រូវបានធ្វើ​ឡើងដោយ​គណៈកម្មធិ​​ការ​ផលិតខ្សែភាពយន្ត​ នៃប្រទេសឡាវផ្ទាល់ រួមទាំងក្រុម​អ្នកជំនាញដទៃៗ​ទៀត នៅក្នុងវិស័យ​ខ្សែភាពយន្ត។ រឿង «Dearest Sister» គឺជាខ្សែ​ភាពយន្ត​ឡាវបែប​ភ័យរន្ធត់ ដែលត្រូវថត​នៅក្នុងបណ្តាប្រទេស​មិនតិចជាង​ ២៤នោះឡើយ ជុំវិញពិភពលោក ខណៈរឿង «At the Horizon» ដែលបាន​ឈ្នះពាន​​រង្វាន់​ចំនួនបួនរួចស្រេច​ទៅហើយ រួមមានផ្នែក «ភាពយន្តល្អ​ជាងគេបំផុត», «ផ្នែកអ្នកដឹកនាំ​ល្អជាងគេបំផុត», «តួសម្តែងប្រុស​ល្អជាងគេ​បំផុត», និង «បទភ្លេងក្នុងសាច់​រឿងល្អជាងគេ​បំផុត» នៅឯ​ព្រឹត្តិការណ៍ Lao Entertainment Awards របស់ប្រទេស​ឡាវនោះ ត្រូវបាន​បង្កើតឡើង​ដោយក្រុមហ៊ុន​ផលិតខ្សែ​ភាពយន្តឡាវ Lao New Wave Cinema។

គួរបញ្ជាក់​ដែរថា នេះគឺជាលើកទីមួយ​ហើយ សម្រាប់ប្រជាជាតិ​អាស៊ានមួយនេះ ក្នុងការសម្រេចដាក់ខ្សែ​ភាពយន្ត​របស់ខ្លួន ឲ្យទៅចូលរួម​ក្នុង​​ព្រឹត្តិ​ការណ៍ Oscar Award ដែលជាព្រឹត្តការណ៍ធំបំផុត នៅក្នុងពិភពខ្សែភាពយន្តអន្តរជាតិ៕​