(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានថ្លែងនាថ្ងៃអង្គារនេះថា ប្រទេសរបស់លោក​កំពុងស្ថិតក្នុងសប្តាហ៍​កាត់សេច​​ក្តី ដ៏​សំខាន់​សម្រាប់សន្តិភាព នៅមុនពេល​នៃការបោះឆ្នោត​សភា​ធម្មនុញ្ញ (ANC) ដ៏ចម្រូង​ចម្រាសនាសប្តាហ៍​នេះ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយទី​ភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧។

ក្នុងឱកាស​នៃការថ្លែងសុន្ទរកថា​ជាសាធារណៈ​នៅទីក្រុង​ការ៉ាកាស់ លោក Maduro បានលើក​ឡើងថា «ពួកយើង​កំពុងសិ្ថត​ក្នុងសប្តាហ៍​កាត់សេចក្តី​​ដ៏​សំខាន់បំផុត សម្រាប់វេណេស៊ុយអេឡា»។ បើតាមប្រមុខ​រដ្ឋរូបនេះ ប្រទេស​វេណេស៊ុយអេឡា នឹងធ្វើការជ្រើសរើស​រវាងសន្តិភាព ឬសង្រ្គាម, អនាគត ឬអតីតកាល, ឯករាជ្យភាព ឬភាពស្ថិតក្រោម​អាណានិគម, និងអំណាច​ប្រជាជន ឬមួយក៏រដ្ឋប្រហារ​ពួកចក្រពត្តិ។

គួរបញ្ជាក់ថា នាថ្ងៃទី៣០ ខែកក្កដា ពោលគឺចុង​សប្តាហ៍នេះ ប្រជាជនវេណេស៊ុយអេឡា​ប្រមាណ ២០លាននាក់ នឹងត្រូវអញ្ជើញ​ឲ្យទៅបោះឆ្នោត​ជ្រើស​រើស​សមាជិកចំនួន ៥៤៥រូប​នៃ ANC ដែលនឹង​ត្រូវរៀបរៀង​ឡើងនូវរដ្ឋធម្មនុញ្ញថ្មីមួយ។ យ៉ាងណាមិញ​គណបក្សប្រឆាំង MUD របស់​វេណេស៊ុយអេឡា​ បានធ្វើបាតុកម្ម​ជាបន្តបន្ទាប់​ ដោយមិនបន្ធូរបន្ថយ​ដៃនោះឡើយ​ចំពោះរឿងនេះ ដោយពួកគេបាន​អះអាងថា គឺជាចំណាត់ការក្តោបក្តាប់​អំណាចរបស់ លោក Maduro ហើយបាតុកម្ម​ដែលបានផ្ទុះឡើង​ចាប់តាំងតែ​ខែមេសា ប្រឆាំងនឹង​រដ្ឋាភិបាលលោក Nicolas Maduro បានឆក់យក​ជីវិតមនុស្ស​យ៉ាងតិចចំនួន ១០២នាក់ហើយ។

គួរជម្រាបបន្ថែមថា កាលពីថ្ងៃទី០១ ខែឧសភាកន្លងទៅ ប្រធានាធិបតី​វេណេស៊ុយអេឡា លោក Nicolas Maduro បានអំពាវនាវ​ឲ្យមានការបោះឆ្នោត​​ថ្ងៃទី៣០ ខែកក្កដានេះ ដោយលើកឡើងថា វាគឺជាមធ្យោបាយ​តែមួយគត់ ដែលអាច​ស្រោចស្រង់​ប្រទេសអាមេរិកឡាទីន​មួយនេះ ចេញពីស្ថានភាព​វិបត្តិ​នយោបាយ ក៏ដូចជា​សេដ្ឋកិច្ច​នាសព្វថ្ងៃនេះ៕