(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បានចោទប្រកាន់​រដ្ឋាភិបាល​យោធាថៃថា បានព្យាយាម​ប្រើប្រាស់ឥទ្ធិពល​ លើការសម្រេចចិត្ត​របស់តុលាការ​កំពូល ពាក់ព័ន្ធនឹង​គោលនយោបាយ​ទិញស្រូវ​ពីកសិករថៃ ព្រមទំាងចាប់ផ្ដើម​រឹបអូសទ្រព្យសម្បតិ្ត​របស់លោកស្រី​ទៀតផង។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧។

លោកស្រី យីងឡាក់ បានសរសេរ​នៅលើ Facebook​ ផ្ទាល់ខ្លួន​យ៉ាងដូច្នេះថា «​វាមើលទៅហាក់​ដូចជា​រដ្ឋាភិបាល កំពុងព្យាយាម​បង្កើតលក្ខខណ្ឌ​មួយ ដើម្បីប្រើប្រាស់​ឥទ្ធិពលលើ​សំណុំរឿងមុននឹងតុលាការ​កំពូលធ្វើការ​សម្រេចចិត្ត ជុំវិញគោលនយោបាយ​សន្យាទិញស្រូវ​ពីកសិករថៃ... ចុងបញ្ចប់​រដ្ឋាភិបាល​បានធ្វើវា ពីព្រោះពួកគេ​គិតថា ខ្លួនមានអំណាច និងអាចអនុវត្តន៍សិទ្ធិ​ដោយ មិនចាំបាច់រង់​ចំា​មានការសម្រេច​ពីតុលាការ»។ បន្ថែមពីលើនេះ អតីតនាយក​រដ្ឋមន្ត្រី​ថៃរូបនេះ ក៏បានអះអាង​ដែរថា គណនីធនាគាររបស់លោកស្រី ត្រូវបានបង្កក រីឯទ្រព្យសម្បតិ្តអាចនឹង ត្រូវបានគេរឹបអូស។ តែយ៉ាងណាក៏ដោយ លោកស្រី យីងឡាក់ នៅតែប្រកាន់​គោលជំហរ​មិនរាថយ ព្រមទាំង​ត្រៀមខ្លួនរួច​ជាស្រេច​ក្នុងការបង្ហាញថា លោកស្រី​មិនបាន​ប្រព្រឹត្ត​កំហុសអ្វី​ទំាងអស់។

គួរបញ្ជាក់ថា លោកស្រី យីងឡាក់ អាចប្រឈមមុខ​ជាប់ពន្ធនាគារ​រយៈពេល ១០ឆ្នាំ ប្រសិនបើតុលាការ​រកឃើញថា អតីតនាយករដ្ឋមន្ត្រី​​ជាប្អូនស្រីបង្កើត​​របស់អតីត​នាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ រូបនេះ ពិតជាបាន​ប្រព្រឹត្ត​កំហុស​ទាំងឡាយ ដូចការចោទប្រកាន់​មែននោះ​​ ជាពិសេសគឺ​ការធ្វើឱ្យខាតបង់​ថវិកាជាតិជាង ៥៣០ពាន់​លានបាត ដោយសារតែគោល​នយោបាយប្រមូលទិញ​ស្រូវពីកសិករ​ក្នុងតម្លៃខ្ពស់៕