(ញូដេលី)៖ អាកាសយានិក​ចំនួនពីរូប​ ដែលបម្រើការឲ្យក្រុមហ៊ុនអាកាសចរណ៍​ឥណ្ឌា Air India ត្រូវបានព្យួរការងារ​ជាបណ្តោះអាសន្ន ដោយសារតែ​​កំហុសឆ្គង​ជាមូលដ្ឋានមួយ ដែលពុំគួរឲ្យ​កើតមានឡើង​ទាល់តែសោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧។

ដោយហោះហើរ​ចេញពី​ទីក្រុង Kolkata ភាគខាងកើត​ប្រទេសឥណ្ឌា​ កាលពីថ្ងៃទី២២ ខែកក្កដា អាកាសយានិក​ជាស្រ្តីចំនួន​ពីររូប បានចាប់​ផ្តើម​ការ​​ធ្វើដំណើររបស់ពួកគេ ដែលមាន​រយៈពេលជិតបីម៉ោង​ទៅកាន់​ទីក្រុង Mumbai ដែលស្ថិតនៅ​ភាគខាងលិច​ប្រទេស ប៉ុន្តែក្រោយពី​ធ្វើការហោះហើរ​​បាន​ជាង​កណ្តាលផ្លូវ អ្នកទាំងពីរ​បានមើលឃើញ​ថា សាំងយន្តហោះ មានការស្រកចុះ​លឿនខ្លាំងខុស​ពីធម្មតា​។ យ៉ាងណាមិញ ដោយ​មិនដឹងពី​មូលហេតុ ពួកគេបាន​សម្រេចចិត្ត​ចុះចត​នៅឯទីក្រុង Nagpur ដើម្បីបញ្ចូល​សាំងបន្ថែម​ មុនពេលបញ្ចប់ការធ្វើដំណើរ​របស់​ពួកគេ។ ស្របពេលដែលអាកាស​យានិកទាំងពីររូប ចាប់ផ្តើមរៀបចំ​ធ្វើការចុះចតនោះ ពួកគេក៏បានដឹងថា កត្តា​ដែលបានបង្កភាព​ខុសប្រក្រតី​បែបនេះ គឺដោយសារកង់របស់យន្តហោះ​មិនត្រូវ​បានលើកឡើងនោះឡើយ ចាប់តាំងតែពីពេលចេញ​ដំណើរមក។

គួរបញ្ជាក់ថា តាមលក្ខខណ្ឌ​បច្ចេកទេសត្រឹមត្រូវ អាកាសយានិក​តែងតែលើកកង់​របស់យន្តហោះ បន្ទាប់ពីបាន​ហោះឡើងពី​អាកាសយានដ្ឋាន ហើយ​ដោយយោង​ទៅលើទម្ងន់របស់​យន្តហោះ ការភ្លេចភ្លាំង​បែបនេះនឹងបណ្តាលឲ្យ​យន្តហោះនោះស៊ីសាំង​ច្រើនលើសពី​ធម្មតា។ បន្ទាប់ពី​ហេតុការណ៍នេះ​ បានកើតឡើង​អាកាសយានិកទាំងពីររូប ដែលបានធ្វើការ​ហោះហើរជាមួយ​អ្នកដំណើរជិត ១០០នាក់នោះ ត្រូវបានផ្អាកការងារ​ជាបណ្តោះអាសន្ន៕