(ប៉េកាំង)៖ ចិនបានវ៉ាដាច់​សហរដ្ឋអាមេរិក កា្លយជាទីផ្សារ​អាកាសចរណ៍​ស៊ីវិល ដ៏ធំបំផុត​នៃទីផ្សារ​បញ្ជាទិញ​ឧទ្ធម្ភាគចក្រ​របស់ ក្រុមហ៊ុនផលិតយន្ដហោះអឺរ៉ុប Airbus។ នេះបើ​តាមអគ្គនាយក​ក្រុមហ៊ុន Airbus ផលិតឧទ្ធម្ភាគចក្រ​ប្រចំាប្រទេសចិន លោកស្រី Marie-Agnes Veve ដកស្រង់ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧។

ថ្លែងនៅក្នុង​បទសម្ភាសន៍​ជាមួយ ស៊ីនហួរ លោកស្រី Marie-Agnes Veve បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ចិនគឺជាទីផ្សារ​ដ៏មានសក្ដានុពល​ជាមួយអត្រាកំណើន​ប្រចាំឆ្នាំ ២០ភាគរយ... ហើយ ក្រុមហ៊ុន​ផលិត​ឧទ្ធម្ភាគចក្រ Airbus កំពុងសម្លឹង​មើលសក្ដានុពល​នេះ។ ដូច្នេះក្រុមហ៊ុន មានបំណង​បង្កើតទំនាក់ទំនង​ជាដៃគូ ឱ្យកាន់តែ​ប្រសើរ​ឡើង​ជាមួយចិន ដែលជា​ទីផ្សារដ៏​ធំសម្បើម​របស់​ពួកយើង ក៏ដូចជាដៃគូយ៉ាងសំខាន់ ក្នុងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម»។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦ ក្រុមហ៊ុន Airbus បានលក់ឧទ្ធម្ភាគចក្រ​ស៊ីវិល ៣៥គ្រឿងឱ្យចិន ខណៈនៅ ១០ឆ្នាំខាងមុខ​គេរំពឹងថា ចិនអាចនឹង​ទិញយន្ដហោះ និង​ឧទ្ធម្ភាគចក្រ​ប្រមាណ ១០០គ្រឿង ដើម្បីប្រយុទ្ធ​នឹងភ្លើង​ឆេះព្រៃ៕