(ម៉ូស្គូ)៖ កងនាវាចម្បាំងចិន ​និងរុស្ស៊ី បានចូលរួម​សមយុទ្ធយោធាបាញ់​គ្រាប់ពិតរួមគ្នា នៅឯសមុទ្របាល់ទិច សំដៅបង្កើន​ចំណងមិត្តភាព​យោធា ឱ្យកាន់តែស៊ីជម្រៅរវាង​មហាអំណាច​ទំាងពីរ ខណៈទីក្រុងម៉ូស្គូ កំពុងមានភាពតានតឹង​ទំនាក់ទំនង​យោធា​ ជាមួយអង្គការណាតូ​របស់​សហរដ្ឋអាមេរិក។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃពុធ ទី២៧ ខែកក្កដា​ ឆ្នាំ២០១៧។

នាវាពិឃាត​ចិន Hefei destroyer, នាវា Yuncheng និង នាវា Lomahu បានចូលរួមនៅ​ក្នុងសមយុទ្ធយោធា​ជើងទឹក​​ឆ្នាំ២០១៧ ជាមួយរុស្ស៊ី ដោយរួមមាន​ទំាងការបាញ់​គ្រាប់កាំភ្លើង ប្រឆាំងគោលដៅ​សត្រូវនៅ​លើអាកាស។ ចំណែកឯ​រុស្ស៊ីក៏បាន​អះអាង​ដែរថា ឧទ្ធម្ភាគចក្រ និងយន្ដហោះ​ទម្លាក់​គ្រប់បែក Su-24 ក៏នឹងត្រូវ​ចូលរួមនៅ​ក្នុងសមយុទ្ធ​ប្រឆាំង​យន្ដហោះចម្បាំង និងប្រឆាំង​នាវា ក្រោមការសម្របសម្រួល​ពីមូលដ្ឋាន Baltiysk​ ក្នុង​ទីក្រុង​ Kaliningrad​។ សមយុទ្ធយោធា​នេះបានចាប់​​ផ្ដើមពី​ថ្ងៃទី២១ និងគ្រោង​អូសបន្លាយ​ដល់ថ្ងៃទី២៨ ខែកក្កដា នៅឯ​សមុទ្រ​បាល់ទិច។​

គួរបញ្ជាក់ថា សមយុទ្ធធាសមុទ្ររវាងរុស្ស៊ី និងចិន ធ្វើឡើង​នៅចំពេល​ទីក្រុងម៉ូស្គូ កំពុងមាន​ភាពតានតឹង​ជាមួយអង្គការ​ណាតូ ដែលបាន​និងកំពុងពង្រីក​ឥទ្ធិពល​យោធា ក៏ដូចជាធ្វើ​សមយុទ្ធ យោធាជា​មួយបណ្ដាប្រទេសអឺរ៉ុប​ខាងកើត មានព្រំដែនជាប់រុស្ស៊ី។ ម្យ៉ាងវិញទៀត សមយុទ្ធយោធា​នៅសមុទ្របាល់ទិច អាចជាការ​គំរាមកំហែង​ដោយប្រយោលមួយ​ដល់ប្រទេស​ក្នុងតំបន់ បាល់ទិច ដូចជា អេស្ដូនី, លីតូនី និងលីតទុយអានី ដែលចោទ​ប្រកាន់​ទីក្រុងម៉ូស្គូ​ថា បានបញ្ចូនយន្ដហោះ​ចម្បាំង​ធ្វើការហោះហើរ​ជារឿយៗ រំលោភចូល​ដែនអាកាស​របស់ពួកគេ៕