(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោក Heather Nauert បាននិយាយថា លោករដ្ឋមន្ត្រី​ការបរទេស លោក Rex Tillerson នឹងនៅតែ​បន្តកាន់ដំណែង​ដដែល បើទោះជាមាន​សេចក្ដីរាយការណ៍ថា លោកនឹងលាលែង​ពីដំណែង​ក៏ដោយ។ នេះបើតាម​ការចេញផ្សាយដោយ សារព័ត៌មាន Sputnik​ នៅព្រឹកថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧។

ការអះអាងខាង​លើរបស់ លោក Heather Nauert ធ្វើឡើងនៅក្នុង​សន្និសីទសារព័ត៌មាន​ដ៏ខ្លីមួយ។ អ្នកនាំពាក្យ​រូបនេះ​បានលើកឡើងយ៉ាងដូច្នេះថា «លោករដ្ឋមន្ត្រី​ការបរទេស (Rex Tillerson) ពិតជាច្បាស់​ណាស់ថា គាត់មានបំណង​បន្តស្ថិត​នៅទីនេះ គឺនៅក្រសួង​ការបរទេស»។​

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ​សា្ថនីយ៍​ទូរទស្សន៍ CNN បានរាយការណ៍​ថា លោក Tillerson កំពុងពិចារណា​លាលែងពីតំណែង​ជារដ្ឋមន្ត្រី​ការបរទេស មុនដំណាច់​ឆ្នាំ២០១៧នេះ ដោយសារតែ​ការ ខកបំណង​ចំពោះលោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ខណៈបើតាម​ប្រភពខ្លះថា លោកមានការ​ខ្វែងគំនិតគ្នាច្រើន​ជាមួយសេតវិមាន ក្នុងនោះរួមទំាង​បញ្ហាបុគ្គលិក​នៅក្រសួង​ការបរទេស និងគោលនយោបាយ​ពាក់ព័ន្ធនឹង​អ៊ីរ៉ង់ជាដើម៕