(វ៉ាស៊ីនតោន)៖ សភាតំណាង​រាស្រ្តអាមេរិក​​បានអនុម័តគាំទ្រ​យ៉ាងពេញទំហឹង ចំពោះសេចក្តីព្រាង​ច្បាប់ថ្មីមួយ ដែលនឹងដាក់​ទណ្ឌកម្មក្នុងលក្ខណៈ​ជា​ចង្កោម​ ទៅលើប្រទេស​រុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ​២០១៧។

សភាអាមេរិក​បានបោះឆ្នោត​ក្នុងសំឡេងគាំទ្រ ៤១៩ ទល់នឹង ០៣ ចំពោះសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះ ដែលព្យាយាម​រារាំងប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ មិនឲ្យមាន​លទ្ធភាព​ធ្វើការសម្រេច​ជាឯកតោភាគី ក្នុងការដកទណ្ឌកម្ម​ចេញពីប្រទេស​រុស្ស៊ីបានឡើយ។ ម៉្យាងវិញទៀត​វា​នឹង​អំពាវ​នាវ​​ឲ្យ​​មាន​​ការ​​ដាក់​ទណ្ឌកម្ម​បន្ថែមថ្មី ប្រឆាំងនឹង​ទីក្រុងម៉ូស្គូផងដែរ ជុំវិញមន្ទិល​សង្ស័យដែលថា រុស្ស៊ីបាន​លូកដៃ​ចូលនីតិវិធី នៃការបោះឆ្នោត​ជ្រើសរើស​​ប្រ​ធា​នា​ធិប​តី​​​អា​មេរិក កាលពីឆ្នាំ២០១៦។ ជាងនេះ​ទៅទៀត​សេចក្តីព្រាងច្បាប់​នេះ ក៏នឹងដាក់​ទណ្ឌកម្មទៅលើ​ប្រទេសអ៊ីរ៉ង់ ក៏ដូចជា​កូរ៉េខាងជើងផងដែរ ដើម្បី​ឆ្លើយ​​តប​ចំពោះ​​កម្ម​វិធី​អាវុធនុយក្លេអ៊ែរ​របស់ពួកគេ​។

ក្រៅពីការដាក់​ទណ្ឌកម្មថ្មី​ទៅលើ​ប្រទេសទាំងបី សេចក្តីព្រាងនេះ​ក៏នឹងផ្តល់ឲ្យសភា​នូវអំណាច ដើម្បីហាមឃាត់​ លោក ដូណាល់ ត្រាំ មិន​ឲ្យ​លើក​​ទណ្ឌ​​កម្ម​ចេញពី​រុស្ស៊ីផងដែរ បន្ទាប់ពី​មន្រ្តីរដ្ឋបាល លោក ដូណាល់ ត្រាំ បានស្នើឲ្យ​ក្រុមអ្នក​តំណាងរាស្រ្ត​ទាំងអស់ ផ្តល់ភាពបត់បែន​ដ៏ប្រសើរ​សម្រាប់សេត​វិមាន​ក្នុងការដោះស្រាយជាមួយ​ប្រទេសរុស្ស៊ី។ យោងតាមសេចក្តីព្រាង​ដដែលនេះ សភានឹង​មានអំណាចប្រើប្រាស់​សិទ្ធិវេតូ​ ចំពោះការ​សម្រេចចិត្តនា​នា​របស់ លោក ត្រាំ ដែលនឹងកែ​ប្រែគោល​នយោបាយ​អាមេរិក ពាក់ព័ន្ធជា​មួយប្រទេស​រុស្ស៊ី។

គួរបញ្ជាក់ថា អ្នកនាំពាក្យសេតវិមានថ្មី លោកស្រី Sarah Huckabee Sanders បានឲ្យសញ្ញាថា ប្រធានាធិបតី លោក ដូណាល់ ត្រាំ នឹង​ទទួលយក​សេចក្តីព្រាងច្បាប់​ថ្មីនេះ ដោយផ្ទុយពីជំហរ​ជំទាស់កាលពី​ដំបូង៕