(សេអ៊ូល)៖ ក្រុមមន្ត្រីកូរ៉េខាងជើង​បាននិយាយថា ពួកគេបាន​ត្រៀមខ្លួន​រួចស្រេច​ដើម្បីប្រយុទ្ធ​ជាមួយ​សហរដ្ឋអាមេរិកដោយអាវុធនុយក្លេអ៊ែរ បើសិនជាទីក្រុងវ៉ាស៊ីនតោន​ហ៊ានមានគំនិតណាមួយ​ចង់ផ្លាស់ប្តូររបបដឹកនាំទីក្រុងព្យុងយ៉ាង ហើយការព្រមាននេះធ្វើឡើងអំឡុងពេលកូរ៉េខាងជើងខ្លួនឯង កំពុងត្រៀមរៀបចំ​ខួបលើក​ទី ៦៤ នៃការបញ្ចប់​សង្រ្គាម​កូរ៉េ (១៩៥០-១៩៥៣) ដែលនឹង​ត្រូវប្រពឹ្រត្ត​ទៅ នៅថ្ងៃព្រហស្បតិ៍​ស្អែកនេះ​។ នេះបើតាម​​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ដកស្រង់​ដោយ​ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧។

យោងតាម KCNA កងទ័ព​កូរ៉េខាងជើង​មានទំាងជើងគោក កងម៉ារីន និងទ័ពអាកាស នៃកងទ័ព​ប្រជាជន​កូរ៉េ បានស្បថស្បែរ​កាលពីថ្ងៃអង្គារ​ម្សិលមិញថា ពួកគេត្រៀម​លក្ខណៈរួចរាល់ ក្នុងការដឹកនាំ​ការធ្វើសង្រ្គាម​ជាមួយ​សហរដ្ឋអាមេរិក បើសិនមាន​ការឈ្លានពាន​ណាមួយ ដើម្បីបង្កើត​ប្រវត្តិសាស្ត្រថ្មី​នៃជោគជ័យ​ក្នុងសង្រ្គាម​ពីជំនាន់មួយ​ទៅជំនាន់មួយ ក៏ដូចជា​នាំជោគជ័យ​ថ្ងៃទី ២៧ ខែកក្កដា ឱ្យបាន​កាន់តែឆាប់។ តែយ៉ាងណា​ក៏ដោយ នេះមិនមែន​ជាលើកទីមួយឡើយ​ដែលទីក្រុងព្យុងយ៉ាង ព្រមាន​បែបនេះ។ ចំណែកឯ​ក្រុមអ្នកជំនាញ​កូរ៉េខាងត្បូងវិញ​យល់ថា ទីក្រុងព្យុងយ៉ាង​អាចនឹង​យក​ថ្ងៃទី២៧ ស្អែកនេះ ជាថ្ងៃបាញ់​សាកល្បង​មីស៊ីលផ្លោង​ជាថ្មីម្ដងទៀត។

គួរបញ្ជាក់ថា បើតាម CNN​ កូរ៉េខាងជើង បានចល័ត​យានយន្ដមួយចំនួន​ធ្វើការដឹកជញ្ជូនបរិក្ខារ ដែលទំនងដូចជា​កំពុងត្រៀមបាញ់​សាកល្បងមីស៊ីល​នៅឯតំបន់ Kusong នៃខេត្ត Pyongan ខាងជើង៕​