(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានអះអាងថា ប្រទេសរបស់លោកប្តេជ្ញារឹតចំណងមិត្តភាព​ទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ​ជាមួយប្រទេសចិន ដោយការប្រកាសបែបនេះ​ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី​បុរសខ្លាំងរបស់ប្រទេសអាស៊ានមួយនេះ បានព្រលះអាមេរិកសាជាថ្មីថា លោកគ្មានថ្ងៃ​ទៅទស្សនកិច្ចនៅ​លើ​ទឹកដី​អន់ៗ និងស្មោគគ្រោក​ដូចជា​សហរដ្ឋអាមេរិក​នោះឡើយ ទោះបីជា​លោក ដូណាល់ ត្រាំ អញ្ជើញលោក​ទៅធ្វើទស្សនកិច្ច​ក៏ដោយ។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៧។

នៅក្នុងកិច្ចទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី មកកាន់​រដ្ឋធានីម៉ានីល លោក ឌូតឺតេ​ ប្រធានាធិបតី​ហ្វីលីពីន​បានសង្កត់ធ្ងន់យ៉ាង​ដូច្នេះថា «ឋានៈរបស់​ប្រទេស​ហ្វីលីពីន គឺសំខាន់ណាស់​​នៅក្នុង​ក្រសែភ្នែក​របស់ប្រទេសចិន ដែលជាប្រទេស​ដ៏មានឥទ្ធិពលមួយ​នៅលើពិភពលោក»។ បន្ថែមពីនេះ លោក​ ឌូតឺតេ ក៏បានសម្តែង​ការកោតសរសើរ​ចំពោះប្រទេសចិន​ ដែលបានបង្កើនតួនាទីរបស់ខ្លួន នៅក្នុងការកសាង​ប្រទេស​​ហ្វីលីពីន ជាពិសេសនោះ​គឺចិនគាំទ្រចំពោះ​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្មផងដែរ។

ជាកិច្ចឆ្លើយតប រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង តំណាងឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង បានសម្តែងការគាំទ្រ​ពេញ​ទំហឹងចំពោះនយោបាយការបរទេសដ៏ឯករាជ្យរបស់ប្រទេសហ្វីលីពីន ហើយវាប្រាកដណាស់ថា ទំនាក់ទំនាងរវាង​ចិន និងហ្វីលីពីន បានស្គាល់ការរីកលូតលាស់ទៅមុខ ក្រោមការចង្អុលបង្ហាញផ្ទាល់ដោយប្រធានាធិបតីនៃ​ប្រទេសទាំងពីរ។ គួរបញ្ជាក់ថា ចាប់តាំងពី លោក ឌូតឺតេ ឡើងកាន់អំណាចកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦មក ជាងមួយឆ្នាំមកនេះ​ទំនាក់ទំនងរវាង ហ្វីលីពីន-អាមេរិក កាន់តែដាច់ឆ្ងាយ​ហើយរវាង ហ្វីលីពីន-ចិន​កាន់តែខិតមកជិតស្និទ្ធ ខណៈបញ្ហាសមុទ្រ​ចិនខាងត្បូងដ៏រសើបនោះ ក៏ហាក់មានសភាព​ស្ងប់ស្ងាត់បន្តិច​ផងដែរ៕