(តៃប៉ិ)៖ តៃវ៉ាន់បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីធ្វើការការពារខ្លួនទប់ទល់នឹងទីក្រុងប៉េកាំង បើសិនជាចាំបាច់ដែលនេះគឺជាការលើកឡើងរបស់​ក្រសួងការពារជាតិតៃវ៉ាន់នាថ្ងៃអង្គារនេះ ក្នុងការឆ្លើយតបប្រកបដោយពាក្យធ្ងន់ៗមួយ ចំពោះការហោះឆ្វែលកាលពីពេលថ្មីៗនេះ ដោយក្រុមយន្ត​​ហោះ​ចម្បាំងចិន នៅក្បែរដែនដីកោះមួយនេះ ដែលប្រទេសចិនចាត់ទុកថា គ្រាន់តែជាខេត្តមួយស្ថិតក្នុងទឹកដីរបស់ខ្លួនប៉ុណ្ណោះនោះ។ នេះបើ​តាម​ការ​ចេញ​ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧។

យោងតាមក្រសួងខាងលើ យោធាចិនបានបញ្ជូនក៏ដូចជាហោះហើរយន្តហោះចម្បាំង រួមទាំងយន្តហោះឈ្លបការណ៍ប៉ុន្មានគ្រឿង នៅក្បែរកោះតៃវ៉ាន់​សម្រាប់ការធ្វើសមយុទ្ធកាលពីប៉ុន្មានថ្ងៃមុននេះ។ អ្នកនាំពាក្យក្រសួងការពារជាតិតៃវ៉ាន់ លោក Chen Chung-chi នៅក្នុងសន្និសីទសារព័ត៌មានមួយបានថ្លែង​ថា​ «កងទ័ពចិនមិនធ្លាប់ដែលបោះបង់ចោលគំនិត នៃការដោះស្រាយបញ្ហា តាមរយៈការប្រើប្រាស់កម្លាំងយោធានោះឡើយ។ យើងមាន​ការ​ជឿជាក់ទៅលើសន្តិភាព ហើយយើងមិនប្រកាន់ទង្វើណា ដែលឈានទៅរកការបង្កសង្រ្គាមនោះឡើយ ប៉ុន្តែពួកយើងក៏មិនរាថយនៅចំពោះមុខការ​គំរាមកំហែងនានាផងដែរ»។ លោក Chen បានបន្ថែមថា តៃវ៉ាន់បានត្រៀមយុទ្ធសាស្រ្តរួចជាស្រេច ដើម្បីថែរក្សាការពារសន្តិសុខ ទាំងនៅផ្ទៃទឹកនិង​ផ្ទៃអាកាសរបស់តៃវ៉ាន់ តែពុំបានរៀបរាប់បញ្ជាក់លម្អិតនោះទេ។

សូមជម្រាបថា ទីក្រុងប៉េកាំង មិនដែលបដិសេធចោលទាំងស្រុង ចំពោះជម្រើសនៃការប្រើប្រាស់កម្លាំងបាយ ដើម្បីយកតៃវ៉ាន់​មក​ឲ្យ​ស្ថិត​ក្រោម​កា​រគ្រប់គ្រងរបស់ខ្លួន វិញនោះឡើយ ហើយចិនក៏បានព្រមានផងដែរថា សកម្មភាពទាំងឡាយណា ដែលសំដៅទៅរកការទទួលបានឯករាជ្យពេញលេញ​ជា​ផ្លូវ​ការ​នោះ អាចនឹងបង្ខំឲ្យមានការឆ្លើយតបដោយយោធាជាក់ជាពុំខាន៕