(មូស្គូ)៖ ការបាញ់សាកល្បងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង បានបង្កការរិះគន់ និងក្តីបារម្ភជាខ្លាំងទាំងក្នុងតំបន់ និងអន្តរជាតិ។ ផ្ទុយទៅវិញមេដឹកនាំពិភពលោក ម្នាក់ បែរជាចេញមុខធ្វើជាខែលការពាររដ្ឋាភិបាលក្រុង ព្យុងយ៉ាង ដោយព្រមានសហគមន៍អន្តរជាតិថា គួរតែហ្វឹកហាត់ការអត់ធ្មត់សង្កត់ចិត្ត និងបញ្ឈប់រាល់ សកម្មភាពសម្លុតគំរាមកំហែងដុតកម្តៅប្រទេសកូរ៉េខាងជើងតទៅទៀត។ មេដឹកនាំរូបនោះគ្មានអ្នកណាក្រៅពីប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀពូទីននោះទេ។

មនុស្សប្រហែលជាគិតភ្លាមៗថា រដ្ឋាភិបាលក្រុងម៉ូស្គូទំនងជាមានក្តីបារម្ភខ្ពស់អំពីការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង។ សូមជម្រាបថា រុស្ស៊ី ជាប្រទេស មួយក្នុងចំណោមប្រទេសបី ដែលមានព្រំប្រទល់ជាប់ប្រទេស កូរ៉េខាងជើង មានចម្ងាយប្រមាណប្រហែល១៧គីឡូម៉ែត្រ។ វាមានន័យថា ប្រទេស រុស្ស៊ី ងាយរងគ្រោះ ដោយសារការវាយប្រហារពីសំណាក់កូរ៉េខាងជើងខ្លាំងជាងសហរដ្ឋអាមេរិកទៀត។

កាន់តែគួរចាប់អារម្មណ៍នោះ គ្រាប់មីស៊ីលដែលត្រូវបានកូរ៉េខាងជើង បាញ់សាកល្បងកាលពីប៉ុន្មានខែកន្លងទៅនេះ បានធ្លាក់ក្នុងដែនទឹកនៃតំបន់សេដ្ឋកិច្ចរបស់រុស្ស៊ី ថែមទៀតផង។ ប៉ុន្តែប្រតិកម្មរបស់ប្រធានាធិបតីរូបនេះចំពោះការបាញ់សាកល្បងនេះ ពិតជាប្លែក និងបង្កការភ្ញាក់ផ្អើលជាខ្លាំង។

តើអ្វីជាគោលដៅពិតប្រាកដ នៃរបស់រុស្ស៊ីទៅលើប្រទេសកូរ៉េខាងជើង?

និយាយក្នុងន័យសាមញ្ញ ប្រទេសកូរ៉េខាងជើង មិនមែនជាអ្នកបង្កក្តីបារម្ភលំដាប់កំពូលសម្រាប់រុស្ស៊ីក្នុងពេលបច្ចុប្បន្ននោះទេ ព្រោះរុស្ស៊ីនៅមានបញ្ហានៅ ចំពោះមុខជាច្រើន ដែលត្រូវបារម្ភដូចជា វិបត្តិអ៊ុយក្រែន ស៊ីរី សកម្មភាពរបស់អង្គការណាតូ និងការគំរាមកំហែងដោយក្រុមឥស្លាមជាដើម។
ដោយទិសដៅអទិភាពរបស់រុស្ស៊ី គឺផ្តោតទៅលើរឿងផ្សេងៗជាច្រើន ទើបរដ្ឋាភិបាលគ្រីមឡាំង រីករាយក្នុងការអនុញ្ញាតិឱ្យរដ្ឋាភិបាលក្រុងប៉េកាំងលេចមុខ លេចមាត់ទៅលើប្រទេស កូរ៉េខាងជើង។ មូលហេតុដោយសារផលប្រយោជន៍រួមរវាង រុស្ស៊ី និងចិន លើប្រទេសកូរ៉េខាងជើង គឺតែមួយដោយធ្វើយ៉ាងណា មិនអនុញ្ញាតិឱ្យអាមេរិក បន្ថែមវត្ថមានយោធាកាន់តែច្រើនលើទឹកដីកូរ៉េ ខណៈដែលចិនមានយុទ្ធសាស្ត្រស៊ីជម្រៅច្រើនក្នុងទាញយកផលប្រយោជន៍ ពីជោគវាសនារបស់កូរ៉េខាងជើង។

ស្របគ្នាដែរនោះរដ្ឋាភិបាលក្រុងម៉ូស្គូ សម្លឹងឃើញថា ខ្លួនក៏មានសក្តានុពលរួចស្រេចទៅហើយ ក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើទំនាក់ទំនងការទូតជាមួយ ភាគីផ្សេងៗដើម្បីដោះស្រាយវិបត្តិកូរ៉េខាងជើង ដែលវាបានជួយបង្កើនតួនាទីយ៉ាងសំខាន់របស់រុស្ស៊ីក្នុងរក្សាជំហលើឆាកអន្តរជាតិ។

ម្យ៉ាងវិញទៀត សូម្បីអ្នកនយោបាយជាន់ខ្ពស់របស់រុស្ស៊ីក៏យល់ឃើញផងដែរថា កូរ៉េខាងជើង មិនខុសពីរុស្ស៊ីនោះទេ ដែលត្រូវការកាន់កាប់អាវុធនុយក្លេអ៊ែរ ជាមធ្យោបាយដ៏មានប្រសិទ្ធភាពតែមួយគត់ ក្នុងការធានាបាននៅការរក្សារបបនយោបាយរបស់ខ្លួនឱ្យបន្តមានជីវិតរស់។ រំលឹកដល់ទសវត្សរ៍ឆ្នាំ១៩៩០ រុស្ស៊ីពឹងផ្អែកទៅលើនុយក្លេអ៊ែរ ដើម្បីប្រឈមមុខនឹងការរិះគន់ពីសំណាក់លោកខាងលិចក្នុងសម័យសង្គ្រាមនៅ Chechnya។ លោក បូរីន យ៉េនស៊ីន ក្នុងដំណើរទស្សនកិច្ចទៅបរទេសជាលើកចុងក្រោយ ក្នុងនាមជាប្រធានាធិបតីរុស្ស៊ី ក្នុងឆ្នាំ១៩៩៩ បានធ្វើការក្រើនរំលឹកដល់លោក ប៊ីល គ្លីនតុន ថា រុស្ស៊ីជាមហាអំណាចនុយក្លេអ៊ែរ ដែលមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ផ្តួលរំលំតួនាទីរបស់ខ្លួនបានឡើយ។

ហេតុនេះខុសពីបណ្តាប្រទេសលោកខាងលិច រដ្ឋាភិបាលគ្រីមឡាំង មិនបានមើលឃើញថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង ជារបបឆ្កួតឡប់ ឬមិនសមហេតុផលនោះទេ ឬគ្រោះថ្នាក់ពេកនោះទេ។ ការពិតទៅទស្សនវិស័យរបស់រុស្ស៊ី យល់ថា ការលូកដៃរបស់លោកខាងលិចក្នុងប្រទេសអ៊ីរ៉ាក់ និងលីប៊ី ឬការគាំទ្ររបស់លោកខាងលិច ទៅលើក្រុមបាតុករ Maidan សម្រាប់អ៊ុយក្រែន ទើបជាអ្វីដែលគ្រោះថ្នាក់សម្រាប់រុស្ស៊ី ជាជាងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងទៅទៀត។

អ្វីដែលគួរអស់សំណើច និងគួរឱ្យចាប់អារម្មណ៍ រុស្ស៊ីប្រហែលជាប្រទេសតែមួយគត់ក្នុងតំបន់ដែលមិនមានក្តីបារម្ភ ប្រសិនបើកូរ៉េទាំងពីរត្រូវបានបង្រួបបង្រួមនោះ។ សម្រាប់អាមេរិក ការពិតទៅការគំរាមកំហែងរបស់កូរ៉េខាងជើង អាចនិយាយបានថា ជាលេសដ៏ល្អបំ ផុតសម្រាប់អាមេរិក ក្នុងការបន្តវត្ថមានរបស់ខ្លួនក្នុងតំបន់ ដែលយើងមើលមួយភ្លែតវាហាក់ដូចជា ដើម្បីទប់ទល់នឹងកូរ៉េខាងជើង តែការពិតទៅ វាជាការកំញើញ និងទប់ទល់នឹងចិនទៅវិញទេ។

សម្រាប់ប្រទេស ចិន យល់ថា ការបន្តវត្ថមាននៃរដ្ឋាភិបាលកុម្មុយនីសកូរ៉េខាងជើង (បើទោះបីជាបង្កក្តីរំខានខ្លះដល់ប្រទេសចិនក្តី) យ៉ាងហោចណាស់កូរ៉េខាងជើង អាចប្រើប្រាស់ជាយុទ្ធសាស្ត្រសម្រាប់ចិនក្នុងការការពារប្រឆាំង នឹងការឈ្លានពានពីលោកខាងលិច ព្រោះថា ក្នុងករណីដែលរបបលោក គីម ដួលរលំ សហរដ្ឋអាមេរិក អាចមានឱកាសដាក់កម្លាំងយោធានៅលើដែនដីកូរ៉េខាងជើង ជាប់បន្ទាត់ព្រំដែនចិន នេះហើយជាអ្វីដែលចិនមិនអាចទទួលយកបាន និងជាក្តីបារម្ភបំផុតសម្រាប់សុវត្ថិភាពរបស់ខ្លួន។

ដោយឡែកជប៉ុនវិញ អាចនឹងមានក្តីបារម្ភអំពីសក្តានុពលនៃកូរ៉េទាំងពីរបន្ទាប់ពីការបង្រួបបង្រួមឡើងវិញ ព្រោះជប៉ុនអាចនឹងចាញ់ប្រៀបកូរ៉េដែលជាសត្រូវ ពាក់ព័ន្ធនឹងទំហំផ្ទៃដី ចំនួនប្រជាជន និងអាវុធ។ កុំភ្លេចថាទំនាក់ទំនងរវាងជប៉ុន និងកូរ៉េនៅតែបន្តមានភាពតានតឹងចាប់តំាងពីសង្គ្រាមលោកលើកទីពីរត្រូវបានបញ្ចប់ ដោយសារជប៉ុនបានបន្សល់ទុកនូវកេរ្តិ៍ដំណែលឈឺចាប់ ក្រោយពេលជប៉ុនដាក់អាណានិគមលើដែនដីកូរ៉េ។ សម្រាប់កូរ៉េខាងត្បូងខ្លួនឯងផ្ទាល់ ក៏មិនប្រាកដថា រីករាយទាំងស្រុងក្នុងការទទួលយកការបង្រួបបង្រួមនេះផងដែរ។

កូរ៉េខាងត្បូងអាចនឹងបារម្ភច្រើនអំពីការចំណាយច្រើនសន្ធឹកសន្ធាប់ ទៅលើការអភិវឌ្ឍន៍ប្រទេសទាំងមូល និងបញ្ហាអស្ថិរភាពដែលបង្កដោយភាគីខាងជើង បន្ទាប់ពីបង្រួបបង្រួមរួច។ ជាងនេះទៅទៀតនោះ វានឹងបង្កជាភាពដាច់ឆ្ងាយពីគ្នាជាខ្លាំង រវាងប្រជាពលរដ្ឋនៃកូរ៉េទាំងពីរ ពាក់ព័ន្ធនឹងស្តង់ដានៃជីវភាពរស់នៅ ឬកម្រិតនៃការអភិវឌ្ឍន៍ជាដើម។

ផ្ទុយទៅវិញសម្រាប់ រុស្ស៊ីហាក់មិនមានអ្វីបាត់បង់ច្រើន ដោយសារការដួលរំលំនៃរបបរបស់រដ្ឋាភិបាលក្រុង ព្យុងយ៉ាងនោះទេ។ យ៉ាងហោចណាស់រុស្ស៊ីអាចបង្កើត គម្រោងសេដ្ឋកិច្ចថ្មី ប្រកបដោយសក្តានុពលពីការបង្រួមបង្រួមកូរ៉េទាំងពីរ ជាក់ស្តែងដូចជាការតបំពង់បង្ហូរប្រេងពីរុស្ស៊ី មកកូរ៉េ ឬការតបណ្តាញផ្លូវរថភ្លើងជាដើម។

ម្យ៉ាងវិញទៀត ការបង្រួបបង្រួមកូរ៉េទាំងពីរមានន័យថា ជាការដកវត្តមានយោធារបស់អាមេរិកចេញផងដែរ ហេតុនេះការបញ្ចប់វិបត្តិកូរ៉េនឹងផ្តល់តុល្យភាព អំណាចរវាងរុស្ស៊ី ជាមួយអាមេរិកក្នុងតំបន់អាស៊ីបូព៌ា ក៏ដូចជាការទទួលបាននូវដៃគូសេដ្ឋកិច្ចថ្មីសម្រាប់រុស្ស៊ីផងដែរ។ ហេតុនេះបានជារុស្ស៊ីរីករាយ ជាមួយនឹងស្ថានភាពក្នុងពេលបច្ចុប្បន្ន ឬចង់ឱ្យប្រសើរជាងនេះកាន់តែល្អ ដោយមិនចង់ឱ្យជម្លោះឈានដល់ដំណាក់កាលធ្ងន់ធ្ងរ រហូតដល់កម្រិតគ្រោះថ្នាក់ ដែលមិនអាចគ្រប់គ្រងបាននោះទេ។

ប៉ុន្តែគួរយល់ថា នៅពេលដែលរុស្ស៊ីអំពាវនាវឱ្យភាគីជម្លោះមានការអត់ធ្មត់នោះ ច្បាស់ណាស់ថា រដ្ឋាភិបាលក្រុង ម៉ូស្គូ មិនមែនមើលឃើញគ្រោះថ្នាក់ អំពីវិបត្តិកូរ៉េខាងជើងនេះ ក្នុងរូបភាពមួយដូចអ្វីដែលលោកខាងលិចមើលឃើញនោះទេ នេះដោយសាររុស្ស៊ី និងលោកខាងលិចសម្លឹងឃើញ ផលប្រយោជន៍ពីវិបត្តិនៅកូរ៉េក្នុងរូបភាពផ្សេងពីគ្នា៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា