(ហ្សាការតា)៖ មនុស្សយ៉ាងតិច១០នាក់បានបាត់បង់ជីវិត ខណៈ៣៦នាក់ផ្សេងទៀត ត្រូវបានជួយសង្រ្គោះ ដោយក្នុងចំណោមនោះមាន​០៥​នាក់​ បាន​ទទួល​រងរបួសជាទម្ងន់ បន្ទាប់ពីទូកដឹកអ្នកដំណើរមួយគ្រឿង បានលិចទៅក្នុងផ្ទៃប៉ែកខាងជើងកោះ Borneo ភាគកណ្តាល ប្រទេសឥណ្ឌូណេស៊ីនា​ថ្ងៃ​អង្គារនេះ។ នេះបើតាមការឲ្យដឹងពីទីភ្នាក់ងារ​​គ្រប់​គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​យប់​ថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧។

យោងតាមអាជ្ញាធរឥណ្ឌូណេស៊ី មនុស្សសរុបចំនួន៣៦នាក់ ត្រូវបានជួយសង្រ្គោះដោយសុត្ថិភាព ក្រោយហេតុការណ៍លិចទូកខាងលើ ខណៈ​ទិន្ន​ន័យ​ចុង​ក្រោយ​បំផុតបានបង្ហាញថា មនុស្សយ៉ាងចំនួន១០នាក់បានស្លាប់។ ដោយឡែកមនុស្សជាច្រើននាក់ ក៏បានទទួលរងរបួសផងដែរ ក៏ប៉ុន្តែ០៥នាក់​ក្នុងចំណោមនោះ កំពុងបន្តទទួលការសម្រាកព្យាបាលនៅឯមន្ទីរពេទ្យនៅឡើយ ដោយសារតែរបួសធ្ងន់ធ្ងររបស់ពួកគេ។

ជាមួយគ្នានេះ ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ី បានបញ្ជាក់ថា ប្រតិបត្តិការរុករកនិងជួយសង្រ្គោះបានបញ្ចប់​ហើយ កាល​ពីល្ងាច ថ្ងៃអង្គារនេះ ក៏ប៉ុន្តែពួកគេក៏នឹងនៅទន្ទឹងរង់ចាំសេចក្តីរាយការណ៍ ឬពាក្យបណ្តឹងនានា ដែលអាចត្រូវធ្វើឡើងដោយក្រុមគ្រួសារ ឬបងប្អូន​សាច់ញាតិដែលមាន សមាជិក កំពុងតែបាត់ខ្លួនផងដែរ ព្រោះថាបើតាមសេចក្តីរាយការណ៍ព័ត៌មានពីដំបូងឡើយ ទូកដែលបានជួបគ្រោះថ្នាក់ខាងលើមាន​ដឹកមនុស្សចំនួន៤៧នាក់៕​