(សេអ៊ូល)៖ អនុប្រធាន​ក្រុមអ្នកចរចា​នុយក្លេអ៊ែរុស្ស៊ី លោក Oleg Burmistrov បានបំពេញ​ដំណើរ​ទស្សនកិច្ច ទៅកាន់​កូរ៉េខាងជើង ដើម្បីពិភាក្សា​លើបញ្ហាឧបទ្វីបកូរ៉េ​​ ជាមួយក្រុម​មន្ត្រីជាន់​ខ្ពស់កូរ៉េខាងជើង ខណៈ​អ្នក​ជំនាញខ្លះ​យល់ថា ទីក្រុងម៉ូស្គូ​កំពុងធ្វើតេស្ដ​ទំនាក់ទំនង​រវាងទីក្រុង​ព្យុងយ៉ាង និងទីក្រុង​ប៉េកាំង។ នេះបើ​តាម KCNA ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារ​ព័ត៌មាន​យ៉ុនហាប់ នៅ​ថ្ងៃអង្គារ ទី២៥​​ ខែកក្កដា ឆ្នាំ២០១៧។

យោងតាមស្ថានីយ៍​ទូរទស្សន៍រដ្ឋ​កូរ៉េខាងជើង KCNA លោក Oleg Burmistrov អនុប្រធាន​ក្រុមអ្នកចរចា​នុយក្លេអ៊ែររុស្ស៊ី ដែលបន្ទុក​លើកិច្ចចរចា ០៦ភាគី ស្ដីពី​នុយក្លេអ៊ែរ​កូរ៉េខាងជើង រួមមាន​សហរដ្ឋអាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង កូរ៉េខាងជើង និងរុស្ស៊ី បានធ្វើដំណើរ​ទៅដល់​ទីក្រុងព្យុងយ៉ាង កាលពី​ថ្ងៃសៅរ៍ សម្រាប់ដំណើរ​ទស្សនកិច្ច​រយៈពេល​០៤ថ្ងៃ។ ជាមួយគ្នា​នោះ KCNA ក៏បានអះអាង​ដែរថា ទីក្រុង​ព្យុងយ៉ាង​នៅតែប្រកាន់​ជំហរមិនចរចា លើប្រធានបទ​អាវុធនុយក្លេអ៊ែរ​ជាដាច់ខាត បើសិនជា​សហរដ្ឋអាមេរិក​នៅតែប្រកាន់​គោលនយោបាយ​អរិភាព។

«យើងបានប្រាប់គាត់ (លោក Oleg Burmistrov) ថាបើសិនជាទីក្រុងវ៉ាស៊ីនតោន មិនព្រមបោះបង់​ចោល​គោល​នយោបាយអរិភាព និងគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ ប្រឆាំងកូរ៉េខាង ជើងទេនោះ យើងក៏គ្មានហេតុផលអ្វី​ត្រូវបោះបង់ចោល​អាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង​ដែរ ហើយយើង​នឹងរឹតតែបង្កើន​សមត្ថភាពអាវុធនុយក្លេអ៊ែរ​ ឱ្យកាន់ខ្លាំងទៅទៀត»។ នេះជាការគូស​បញ្ជាក់របស់ ​KCNA។

គួរបញ្ជាក់ថា កូរ៉េខាងជើង​បានបាញ់សាកល្បង​មីស៊ីលផ្លោង ICBM កាលពីថ្ងៃទី០៤ ខែកក្កដា ព្រមទំាងអះអាងថា មីស៊ីលនេះអាចបាញ់ដល់​គោលដៅ​សត្រូវ​ទំាងអស់ នៅគ្រប់ទីកន្លែងនៅ​លើភពផែនដី។ ចំណែកឯ​ក្រុមប្រឹក្សាសន្តិសុខ​នៃអង្គការសហប្រជាជាតិ បានបរាជ័យ​ក្នុងការអនុម័ត​សេចក្ដីថ្លែងការណ៍ ថ្កោលទោស​ទីក្រុងព្យុងយ៉ាង​ដោយសារ​មានការជំទាស់​ពីរុស្ស៊ី៕​ ​