(កាប៊ុល)៖ ក្រុមសកម្មប្រយុទ្ធរហូតដល់ទៅ ១៤៣នាក់ រួមបញ្ចូលទាំងមេបញ្ជាការពួកគេ​ចំនួន ០៩នាក់ផងដែរនោះ​បានបាត់បង់​ជីវិត និង១៧នាក់ផ្សេង​ទៀត​ទទួលរងរបួស នៅក្នុងអំឡុង​ប្រតិបត្តិការ​ទម្លាប់គ្រាប់បែក តាមផ្លូវអាកាស​យ៉ាងចាស់ដៃ​ពីសំណាក់កងទ័ព​អាហ្វហ្គានីស្ថាន នៅខេត្ត Faryab ភាគ​ខាងជើង​នៃប្រទេស​អាស៊ីខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយ​ដោយ​សារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧។

យោងតាមសេចក្តីថ្លែងការណ៍​មួយរបស់កងទ័ព​អាហ្វហ្គានីស្ថាន កងកម្លាំងសន្តិសុខ​នៃប្រទេសនេះ បានបើកប្រតិបត្តិការ​វាយប្រហារ​តាមផ្លូវអាកាស ទៅលើទីតាំង​របស់ក្រុមឧទ្ទាម​តាលីបង់ នៅតាមតំបន់​ជាច្រើននៃស្រុក Kohistanat រួមទាំងស្រុកក្បែរ​ខាងមួយចំនួន​ទៀតដូចជា Qaisar និង Shirin Tagab កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ ហើយជាលទ្ធផលបានផ្តាច់ជីវិត​ក្រុមសកម្មប្រយុទ្ធ​សរុបចំនួន ១៤៣នាក់ និងបណ្តាលឲ្យ ១៧នាក់ទៀត​របួស។

គួរបញ្ជាក់ថា ស្រុក Kohistanat ធ្លាប់ក្រោមការកាន់កាប់​របស់ក្រុមសកម្មប្រយុទ្ធ​តាលីបង់ កាលពីថ្ងៃអាទិត្យ​កន្លងទៅនេះ ហើយចាប់តាំងពីពេលនោះ​​មក កងទ័ពរដ្ឋាភិបាល​អាហ្វហ្គានីស្ថាន បានធ្វើការ​វាយលុកជាបន្តបន្ទាប់​ ដើម្បីដណ្តើម​ការគ្រប់គ្រង​មកវិញ។ ដោយឡែក​ពួកឧទ្ទាមតាលីបង់​នេះ ដែលបាន​បង្កើនសកម្មភាព​របស់ខ្លួន​ ចាប់តាំងពីចុងខែមេសាមក បានធ្វើកាន់កាប់​ស្រុកយ៉ាងហោចណាស់​ចំនួនបី ក្នុងអំឡុងពេល​មួយសប្តាហ៍​កន្លង​ទៅនេះ៕