(ការ៉ាកាស)៖ ការដាក់ទណ្ឌកម្ម ឬសម្ពាធពី​សហរដ្ឋអាមេរិក ប្រឆាំងនឹង​រដ្ឋាភិបាល​វេណេស៊ុយអេឡា មិនអាចជួយ​ឱ្យស្ថានភាពប្រសើរ​ឡើងឡើយ ក្រៅតែបង្កើត​បញ្ហាកាន់តែ​ច្រើនឡើងនៅ ក្នុងប្រទេស​វេណេស៊ុយអេឡា។ នេះបើតាមអ្នក​វិភាគនយោបាយ​ម៉ិចស៊ីកូ លោក Jose del Tronco ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧។

លោក Tronco ​ជាសាស្ត្រាចារ្យ​មួយរូបមកពី​វិទ្យាស្ថាន Latin American Social Science Institute បានផ្ដល់បទសម្ភាសន៍​ឱ្យស៊ីនហួរ ពីស្ថានភាព​នៅប្រទេស​វេណេស៊ុយអេឡា ដែល​នឹងត្រូវរៀបចំ​ការបោះឆ្នោត​នៅថ្ងៃអាទិត្យ​សប្ដាហ៍នេះ ជ្រើសរើស​សមាជិកសភា​ធម្មនុញ្ញ ដើម្បីធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន។ សាស្ត្រាចារ្យរូបនេះ​បានគូសបញ្ជាក់​យ៉ាង​ដូច្នេះថា «​ខ្ញុំជឿជាក់ថា ការដាក់ទណ្ឌកម្ម​របស់​ហរដ្ឋអាមេរិក នឹងមិនជំរុញ​ឱ្យរដ្ឋាភិបាល​វេណេស៊ុអេឡា បើកកិច្ចសន្ទនា​ជាមួយគណបក្ស​ប្រឆាំង​នោះទេ... ហើយខ្ញុំក៏គ្មានសុទិដ្ឋិ​និយមដែរ ពីព្រោះការ​ដាក់សម្ពាធ រួមទាំងទណ្ឌកម្ម​សេដ្ឋកិច្ចនឹងបង្ក​ឱ្យស្ថានភាព​កាន់តែ​អាក្រក់ឡើង ក៏ដូចជា​ជម្លោះកាន់តែ​ច្រើន នៅក្នុងប្រទេស​វេណេស៊ុយអេឡា​តែប៉ុណ្ណោះ»

គួរបញ្ជាក់ថា រដ្ឋាភិបាល​អាមេរិក​របស់ លោក ដូណាល់ ត្រាំ កាលពី​សប្ដាហ៍មុន បានព្រមាន​រដ្ឋាភិបាល​វេណេស៊ុយអេឡាថា ទីក្រុងវ៉ាស៊ីនតោន​នឹងដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម​បើសិនជា សភាធម្មនុញ្ញ​ត្រូវបង្កើតឡើង ក្នុងការបោះឆ្នោត​នៅថ្ងៃទី៣០ ខែកក្កដា​មែននោះ៕