(ការ៉ាកាស)៖ ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានស្នើឱ្យរដ្ឋាភិបាល​អាមេរិក ម៉ិចស៊ីកូ និងកូឡុំប៊ី ពន្យល់នូវអ្វីដែលលោកផ្ទាល់បានចោទប្រកាន់បណ្ដាប្រទេសទាំង​នេះថា បានរួមគំនិតជា​មួយទីភ្នាក់ងារចារកម្ម​អាមេរិក CIA ក្នុងការរៀបចំ​ផែនការ​ទម្លាក់រូបលោក​ចេញពី​ដំណែង។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានបារាំង Le Figaro នៅរសៀលថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងពិធីជួបជុំ​យោធាមួយ​កាលពីថ្ងៃចន្ទ លោក ម៉ាឌូរ៉ូ បានចោទប្រកាន់​ត្រង់តែម្ដងៗ​ថា នាយក CIA លោក Mike Pompeo​ បានធ្វើការងារ​រួមគ្នាជាមួយ​រដ្ឋាភិបាលម៉ិចស៊ីកូ និងកូឡុំប៊ី ដើម្បីផ្ដួលរំលំ​រដ្ឋាភិបាល​របស់លោក ដែលកំពុងប្រឈម​នឹងបាតុកម្មតវ៉ា​ ពីសំណាក់ក្រុមប្រឆាំង​គាំទ្រដោយ​សហរដ្ឋអាមេរិក។ «ខ្ញុំស្នើឱ្យ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ពន្យល់​និងបញ្ជាក់ឱ្យបាន​ច្បាស់ពីពាក្យ​ពេចន៍បង្ករឿង និងការអន្តរាគមន៍​និយម​របស់នាយក CIA ដែលគិតថា សហរដ្ឋអាមេរិក​​ជារដ្ឋាភិបាល​ពិភពលោក»។ នេះបើតាមលោក នីកូឡាស់ ម៉ាឌូរ៉ូ។

ការថ្លែងបែបនេះរបស់ លោក ម៉ាឌូរ៉ូ ធ្វើឡើង​បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស​វេណេស៊ុអេឡា លោក Samuel Moncada បានចេញផ្សាយ​ឡើងវិញនូវសម្រង់​សម្ដីនៃ លោក Mike Pompeo និយាយនៅ​អំឡុងវេទិកា​សន្តិសុខមួយ​ក្នុងទីក្រុង Aspen រដ្ឋ Colorado កាលពី​ថ្ងៃទី២០ ខែកក្កដា ដោយមាន​ខ្លឹមសារថា «ខ្ញុំបានស្ថិត​នៅរដ្ឋធានី Bogota (កូឡុំប៊ី) និង​ទីក្រុង Mexico (ម៉ិចស៊ីកូ) កាលពីជាងពីរសប្ដាហ៍មុន ហើយខ្ញុំបាន​លើកឡើងពី​នយោបាយអន្តរកាល នៅវេណេស៊ុយអេឡា ​តាមរយៈការ​ព្យាយាមពន្យល់​ពួកគេ (ប្រជាជន​វេណេស៊ុអេឡា) ឱ្យយល់ថា ពួកគេអាច​ធ្វើកិច្ចការ​ដើម្បីទទួលបាន​លទ្ធផល​ដ៏ប្រសើរ»

យ៉ាងណាក៏ដោយ រដ្ឋាភិបាលម៉ិចស៊ីកូ និងកូឡុំប៊ី បានច្រានចោល​ការចោទប្រកាន់​ទាំងអស់ ដោយអះអាងទៀតថា ខ្លួនមិនដែលបាន ឬក៏មានបំណងលូកដៃចូលកិច្ចការ​ផ្ទៃក្នុង របស់​វេណេស៊ុយអេឡា​នោះទេ៕