(កាលីហ្វរញ៉ា)៖ ក្មេងស្រីអាយុ ១៨ឆ្នាំ្នម្នាក់រស់នៅក្នុងរដ្ឋកាលីហ្វរញ៉ា ត្រូវបានប៉ូលិស​ចាប់ខ្លួន បន្ទាប់ពីនាងបានបើកបរ​រថយន្តទាំងកំពុង Live វីដេអូក្នុង Instagram បូករួមទាំងការ រាំច្រៀងក្នុងលក្ខណៈស្រវឹង, និងសេពគ្រឿងញៀនថែមទៀត បណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ដែលជាលទ្ធផលបង្កឲ្យអ្នករួមដំណើរគឺក្មេងស្រីម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧។

ក្មេងស្រីវ័យ ១៨ឆ្នាំខាងលើនេះ មានឈ្មោះ Obdulia Sanchez បានបង្កគ្រោះថ្នាក់កាលពីថ្ងៃទី២១ ខែកក្កដា នៅក្នុងសង្កាត់ Los Banos ស្ថិតនៅចម្ងាយ ៤៦៥គីឡូម៉ែត្រនៃភាគខាងជើងទីក្រុង ឡូសអាន់ជែឡែស នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។ អ្នកដំណើររងគ្រោះទាំងពីរនាក់ខាងលើនេះ មានអាយុ ១៤ឆ្នាំដូចគ្នា ដោយម្នាក់ស្លាប់នោះត្រូវបានគេស្គាល់ថា ជាប្អូនស្រីរបស់អ្នកបើកបរ និងម្នាក់ទៀតទំនងជាមិត្តភក្តិ​របស់ក្មេងស្រីដែលបានស្លាប់នោះ បានរងរបួសធ្ងន់ធ្ងរ។

គួរបញ្ជាក់តាមសារព័ត៌មាន ABC News បន្ថែមឲ្យដឹងថា នាង Sanchez បានកំពុងតែ Live (ផ្សាយផ្ទាល់) វីដេអូសកម្មភាពរបស់ខ្លួនលើបណ្តាញសង្គម Instagram ដោយមានការបង្ហាញសកម្មភាពរាំច្រៀង រហូតដល់គ្រោះថ្នាក់ក្រឡាប់រថយន្តកើតឡើង ហើយនាងនៅតែបន្ត Live វីដេអូទៀត ដោយនិយាយថា «ខ្ញុំបានសម្លាប់ប្អូនស្រីរបស់ខ្ញុំហើយ... ខ្ញុំមិនខ្លាចនឹងត្រូវចូលគុកនោះទេ...»។ នាង Sanchez បច្ចុប្បន្នកំពុង​តែត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយនាងអាចនឹងត្រូវជាប់ពន្ធនាគារ ហើយបង់ប្រាក់ពិន័យ ៣០០,០០០ដុល្លារអាមេរិក៕