(តូក្យូ)៖ អាជ្ញាធរជប៉ុនបានឱ្យដឹងថា ការស៊ើបអង្កេតរបស់ពួកគេ​​ជុំវិញហេតុការណ៍​នាវាចម្បាំង​អាមេរិក USS Fitzgerald បុកជាមួយនាវា​ដឹកទំនិញ​ហ្វីលីពីន ជិតបញ្ចប់​ទាំងស្រុង​ហើយ ដោយគ្មានកិច្ច​សហការពី​សហរដ្ឋអាមេរិក​នោះទេ។ នេះបើតាមការ​ចេញផ្សាយដោយ សារព័ត៌មាន Sputnik ​នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧។

ជាមួយគ្នានោះ​ដែរ អ្នកនាំពាក្យ​ក្រុមហ៊ុន ដែលជាម្ចាស់​នាវា​ផ្ទុកកុងតឺន័រ ACX Crystal បានគូសបញ្ជាក់យ៉ាង​ដូច្នេះថា «បន្ទាប់ពីការជួសជុលបានបញ្ចប់ នៅលើនាវា ACX Crystal នាវាចម្បាំង អាមេរិក ​USS Fitzgerald និងក្រុមនាវិក​ភាគច្រើន បានចាកចេញ​ពីប្រទេសជប៉ុន​ទៅកាន់ប្រទេសថៃ កាលពី​ថ្ងៃអាទិត្យ បើទោះជា​កាពីតែន និងសមាជិកនាវិក​មួយចំនួន ស្ម័គ្រចិត្ត​ស្ថិតនៅ ប្រទេសជប៉ុន​ដើម្បីទទួលការ​ស៊ើបសួរ​ក៏ដោយ»

គួររំលឹកថា កាលពីថ្ងៃទី១៧ ខែមិថុនា នាវាពិឃាត​អាមេរិក USS Fitzgerald ដឹកមនុស្ស ៣០០នាក់ បានបុកគ្នាពេញ​មួយទំហឹងជាមួយនាវា​ផ្ទុកទំនិញ​ហ្វីលីពីន​មួយគ្រឿង នៅឯតំបន់ដែនទឹកនៃឧបទី្វប Izu ស្ថិតខេត្ត Shizuoka ដោយបណ្ដាល​ឱ្យក្រុមនាវិក​អាមេរិក ០៧នាក់បានស្លាប់។ ប៉ុន្តែមកទល់​ពេលនេះ មូលហេតុ​នៃគ្រោះថ្នាក់ មិនទាន់ត្រូវបាន​គេបញ្ជាក់នៅឡើយទេ។ ចំណែក​សហរដ្ឋអាមេរិក បានអះអាងថា ខ្លួនមានសិទ្ធិស៊ើបអង្កេត និងមិនចែក​រំលែកព័ត៌មាន​ជាមួយទីក្រុង​តូក្យូ បើទោះជាវាកើត​ឡើងនៅក្នុងដែនទឹកជប៉ុន​ក៏ដោយ៕