(ប៉េកាំង)៖ ការរុករកឧស្ម័ន​របស់ប្រទេសវៀតណាម​ ប្រតិបត្តិដោយក្រុមហ៊ុន​អេស្ប៉ាញ Repsol បានបញ្ចប់​សកម្មភាព​ហើយ បន្ទាប់ពីរដ្ឋាភិបាល​ទីក្រុងប៉េកាំង​គំរាមវាយកម្ទេច​មូលដ្ឋាន​វៀតណាម នៅក្នុងតំបន់​សមុទ្រ​ចិនខាងត្បូង។ នេះបើតាម​សារព័ត៌មាន BBC ដកស្រង់​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧។

សារព័ត៌មាន BBC ផ្អែកលើប្រភពដែលខ្លួនទទួលបានបានបញ្ជាក់ថា ទីក្រុងប៉េកាំង​បានគំរាម​ទីក្រុងហាណូយថា មូលដ្ឋានវៀតណាមនៅទីប្រជុំកោះ Spratly នៃសមុទ្រចិនខាងត្បូង​អាច​នឹងក្លាយជា គោលដៅ​របស់កងទ័ព​រំដោះប្រជាជន​ចិន បើសិនជាមិនបញ្ឈប់សកម្មភាពខួងយកឧស្ម័ន​នៅតំបន់​ជម្លោះ​ទេនោះ។ ដោយឡែក​សារព័ត៌មាន The Diplomat ក៏បានរាយការណ៍​ដែរថា ក្រោយទទួល​ការព្រមាន​កាលពីថ្ងៃទី១៥ ខែកក្កដា វៀតណាម​បានបង្គាប់ឱ្យក្រុមហ៊ុន​អេស្ប៉ាញ Repsol ផ្អាកសកម្មភាព​ខួងយកឧស្ម័ន​នៅក្នុងប្លុក ១៣៦-​០៣ នៃតំបន់​សមុទ្រចិនខាងត្បូង។

ជាងនេះទៅទៀតបើតាម Diplomat ឧត្ដមសេនីយ៍យោធាចិន លោក Fan Changlong បានធ្វើដំណើរ​ទៅកាន់ប្រទេស​អាស្ប៉ាញ ដើម្បីនិយាយ​ពីរឿងនេះ​ជាមួយក្រុមហ៊ុន Repsol ហើយបន្ទាប់ពី ជំនួបនេះ លោក Fan បានបន្ត​ដំណើរទៅកាន់​ទីក្រុងហាណូយ ជាទីដែល​លោកបានស្នើសុំ​ឱ្យភាគីវៀតណាម​បញ្ឈប់សកម្មភាព​រុករកឧស្ម័ន។ ក៏ប៉ុន្តែ ដំបូងឡើយ​ក្រុមមន្ត្រី​វៀតណាម​បានឆ្លើយតបថា វៀតណាមមានដែនអធិបតេយ្យភាព នៅលើតំបន់​សេដ្ឋកិច្ចផ្ដាច់​មុខ​ប្លុក ១៣៦-​០៣។

គួរបញ្ជាក់ថា ក្រុមហ៊ុន Repsol បានវិនិយោគ​ប្រាក់ជាង ៣០០លានដុល្លារ ជាមួយរដ្ឋាភិបាល​វៀតណាម ដើម្បីរុករកឧស្ម័ន​នៅតំបន់​សមុទ្រចិនខាងត្បូង។ ក្រុមអ្នកជំនាញ​ប៉ាន់ប្រមាណថា តំបន់ជម្លោះ​សមុទ្រចិន​ខាងត្បូង ដែលចិន និងប្រទេសជា​ភាគីជម្លោះមាន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងតៃវ៉ាន់​ កំពុងដណ្ដើមគ្នា​លើសិទ្ធិគ្រប់គ្រងតំបន់ដែលមានធនធានប្រេងចន្លោះពី ៥ ដល់២២ពាន់លានបារ៉ែល និងឧស្ម័នចន្លោះ​ពី៧០ ដល់២៩០ ទ្រីលាន​ម៉ែត្រគូប មិនទាន់បាន​រកឃើញ​នៅឡើយ៕