(ញូដេលី)៖ ឥណ្ឌាមានការកើនឡើង ១៦ភាគរយ នៃករណីវាយប្រហារដោយភេរវកម្ម​កាលពី​ឆ្នាំ២០១៦ និងបានក្លាយ​ជាប្រទេសលេខបី ដែលបាន​ទទួលរងគ្រោះពីសកម្មភាពភេរវកម្មខ្លាំងក្លាជាងគេបំផុត នៅលើពិភពលោក បន្ទាប់ពីប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន​ក៏ប៉ុន្តែការវាយប្រហារភាគ​ច្រើន​បានបណ្តាល​ឲ្យ​មនុស្សតិចតួចប៉ុណ្ណោះ​ទទួលរងគ្រោះ ឬបាត់បង់ជីវិត។ នេះបើតាម​របាយការណ៍ថ្មីមួយ របស់ក្រសួង​ការបរទេស​អាមេរិក ដក​ស្រង់ដោយសារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧។

យោងតាម​ប្រភពដដែល ប្រទេសឥណ្ឌាបានរងគ្រោះដោយ​សារអំពើភេរវកម្ម​ចំនួន ៩២៧ករណី ក្នុងចំណោម​ករណី​សរុបទាំង ១១,០៧២ ដែលត្រូវ​បាន​រាយការណ៍​នៅជុំវិញពិភពលោក​កាលពីឆ្នាំ២០១៦ ខណៈក្នុងឆ្នាំ២០១៥ ចំនួនករណី​ភេរវកម្ម ដែលត្រូវបាន​គេរាយការណ៍​នៅក្នុងប្រទេស​អាស៊ី​មួយនេះ ស្ថិតនៅត្រឹម ៧៩៨ករណី។ កាលពីឆ្នាំ២០១៦ ការស្លាប់​ចំនួន ៣៣៧ករណី ត្រូវបានបង្ក​ឡើងដោយ​សកម្មភាព​ភេរវកម្ម និងវាមាន​ការកើន​ឡើង ១៧ភាគរយ បើធៀបនឹង​ឆ្នាំ២០១៥ ដែលមាន​ចំនួនមនុស្ស​ស្លាប់ ២៨៩នាក់។ ម៉្យាងវិញទៀត ក្នុងចំណោម​ករណីភេរវកម្ម​ទាំង ៩២៧ករណី ជាង​ពាក់កណ្តាល​បានកើតឡើង​នៅក្នុងរដ្ឋ​​ចំនួន​ ០៥ របស់ប្រទេសឥណ្ឌា​រួមមាន Jammu និង Kashmir, Chhattisgarh, Manipur, និង Jharkhand។

មិនត្រឹមតែប៉ុណ្ណោះទេ របាយការណ៍ខាងលើ​ក៏បានចាត់ទុក​ក្រុមឧទ្ទាម Maoist ឬ Naxals នៅក្នុងប្រទេស​ឥណ្ឌា ជាក្រុមភេរវករ​ដ៏សាហាវជាងគេ​​លំដាប់ថ្នាក់លេខបី នៅលើពិភពលោក​ផងដែរ​បន្ទាប់ពីក្រុម ISIS និងក្រុមតាលីបង់៕