(ម៉ូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergey Lavrov បានថ្លែងថា អតីតរដ្ឋបាលរបស់ លោក បារ៉ាក់ អូបាម៉ា បានបន្សល់ទុក​ឲ្យ​ទីក្រុង​​ម៉ូ​ស្គូ​ និង​ទីក្រុង​វ៉ា​ស៊ីន​តោន​នូវបញ្ហាដ៏ច្រើនសន្ធឹកសន្ធាប់ ដែលប្រៀបដូចជា​គ្រាប់បែក​បម្រុងនឹងផ្ទុះ។ នេះបើតាម​ការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧។

ថ្លែងក្នុងបទ​សម្ភាសន៍​មួយ លោក Lavrov បានលើកឡើងថា «អ្វីដែលយើង​ទទួលបាន​ពីអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា នោះគឺជា​គំនរបញ្ហា​ដ៏ធំ​សម្បើម​ ដែលប្រៀបដូចជា​គ្រាប់បែក​បម្រុងនឹងផ្ទុះរួមទាំង​ការសម្រេច​ចិត្ត​បង្កហេតុ​ផ្សេងៗទៀត នៅពេល​ដែលរដ្ឋបាល​ផុតអាណត្តិមួយនេះ ខក​ចិត្ត​​ក៏ដូចជា​នឹក​ស្មាន​មិន​ដល់​​ចំពោះ​​លទ្ធផល​នៃការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិកថ្មី ហើយបាន​​សម្រេចចិត្ត ប្រើប្រាស់​ពេល​វេលា​​ប៉ុន្មាន​ខែ​ចុង​ក្រោយ ដែលខ្លួនមាន​នៅក្នុង​សេតវិមាន លេងល្បិច​ស្មោគគ្រោក ដែលដំបូង​បំផុតនោះគឺ កំណត់គោលដៅ​ធ្វើយ៉ាងណា បង្កការ​បំផ្លិច​​បំផ្លាញ​​ដល់​ទំនាក់​ទំនង​​រុស្ស៊ី-អាមេរិក»

គួរបញ្ជាក់ថា អំឡុងពេលប្រមាណ ០៣ទៅ០៤ខែចុងក្រោយ នៃអាណត្តិ​របស់ខ្លួន រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន ក្រោមការដឹកនាំ​របស់អតីតមេដឹក​នាំអាមេរិក លោក អូបាម៉ា បានបញ្ជូនកងទ័ពអាមេរិក​រាប់ពាន់នាក់ និងសព្វាវុធក៏ដូច​ជាបរិក្ខាយោធា​ជាច្រើនគ្រឿងទៀត ទៅកាន់តំបន់អឺរ៉ុបខាងកើត ដែលស្ថិតក្បែរប្រទេសរុស្ស៊ី ក្រោម​ក្រប​ខណ្ឌ​​នៃ​កិច្ច​ព្រមព្រៀងជាមួយអង្គការ NATO​។ ជាងនេះទៅទៀត កាលពីចុងឆ្នាំ២០១៦ ទីក្រុងវ៉ាស៊ីនតោន​​ក៏​បានបណ្តេញមន្រ្តីទូតរុស្ស៊ី​ចំនួនជាង ៣០នាក់ ចេញពីទឹកដី​សហរដ្ឋអាមេរិក​ផងដែរ៕