(អ៊ីស្លាម៉ាបាដ)៖ ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានផ្តាច់យកជីវិតមនុស្សយ៉ាងហោចណាស់ចំនួន២៦នាក់ ដែលជាច្រើននាក់​ក្នុង​ចំណោម​នោះ​គឺជា​​មន្រ្តីប៉ូលិស ហើយបានបណ្តាលឲ្យប្រមាណជិត៦០នាក់ផ្សេងទៀតទទួលរបួស នៅឯទីក្រុង Lahore ភាគខាងកើតប្រទេសប៉ាគីស្ថាន។ នេះ​បើតាម​ការ​ចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុករបស់ប៉ាគីស្ថានផ្ទាល់ នៅយប់ថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧។

មេបញ្ជាការប៉ូលិសទីក្រុង Lahore លោក Haider Ashraf បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «យើងមានការសង្ស័យថា ជនបំផ្ទុះគ្រាប់បែក​អត្តឃាតរូបនោះ បានបើកម៉ូតូបំបុកចូលទៅកាន់ប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិសមួយកន្លែង»។ បើតាមសេវាសង្រ្គោះបន្ទាន់របស់ប៉ាគីស្ថាន តួលេខ​នៃ​ចំនួន​មនុស្ស​ស្លាប់​នាខណៈពេលនេះគឺ២៦នាក់ រីឯអ្នកដែលបានទទួលរងរបួសគឺ៥៦នាក់ ហើយវាអាចនឹងបន្តកើនឡើងថែមទៀត។

ក្រោយហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតខាងលើ ក្រុមតាលីបង់ប្រចាំនៅប៉ាគីស្ថាន បានចេញមុខអះអាងថា គឺជាអ្នករៀបចំគម្រោងវាយប្រហារ​នេះ។ ពួកនេះ​គឺជាបក្ខពួករបស់ក្រុមឧទ្ទាមតាលីបង់ នៅឯប្រទេសអាហ្វហ្គានីស្ថាន ក៏ប៉ុន្តែផ្តោតគោលដៅវាយប្រហាររបស់ពួកគេ ទៅលើរដ្ឋា​ភិ​បាល​របស់​ប៉ាគីស្ថាន។

សូមជម្រាបថា នាថ្ងៃដដែលនេះ ហេតុការណ៍បំផ្ទុះរថយន្តដ៏កក្រើកមួយផ្សេងទៀត ក៏បានកើតមានឡើងផងដែរ នៅឯរដ្ឋធានីកាប៊ុល នៃប្រទេស​អាហ្វ​ហ្គានីស្ថាន ដែលបានបណ្តាលឲ្យមនុស្សយ៉ាងតិច៣៥នាក់ស្លាប់ និងជាង៤០នាក់ទៀតរងរបួស ហើយវាគឺជាស្នាដៃរបស់ពួកតាលីបង់ដូចគ្នា៕