(ម៉ូស្គូ)៖ ទីក្រុងម៉ូស្គូបានមើលឃើញថា ទិដ្ឋភាពមួយចំនួននៃដំណោះស្រាយថ្មីមួយ សម្រាប់ប្រទេសកូរ៉េខាងជើង ដែលកំពុងត្រូវរៀបចំឡើងនោះ​ គឺ​មិនអាចទទួលយកបានឡើយ និងបានលើកឡើងជាពិសេសថា វាមិនគួរមានគោលដៅលើការរាំងខ្ទប់សេដ្ឋកិច្ច របស់ទីក្រុងព្យុងយ៉ាងនោះ​ទេ។ នេះ​បើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧។

អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Gennady Gatilov បានថ្លែងនាថ្ងៃចន្ទនេះថា ការរៀបចំដំណោះស្រាយថ្មី សម្រាប់ប្រទេសកូរ៉េខាងជើង កំពុងតែ​ប្រព្រឹត្តទៅហើយ ក៏ប៉ុន្តែមានទិដ្ឋភាពខ្លះៗនៅក្នុងនោះ ដែលភាគីរុស្ស៊ីយល់ថាមិនអាចទទួលយកបាន។ លោក Gatilov បានបន្តទៀតថា ដំណោះ​ស្រាយថ្មីនេះ របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) ដែលនឹងត្រូវដាក់ប្រឆាំងទៅលើកូរ៉េខាងជើង មិនគួរព្យាយាមសំដៅខ្ទប់​ដង្ហើមសេដ្ឋកិច្ចទីក្រុងព្យុងយ៉ាងនោះឡើយ តែគួរតែផ្តោតសំខាន់ជាពិសេស លើសកម្មភាពនុយក្លេអ៊ែរ និងការបាញ់សាកល្បងមីស៊ីលជាក់​​ស្តែង របស់កូរ៉េខាងជើងវិញ។

សូមជម្រាបថា កាលពីថ្ងៃទី០៤ ខែកក្កដានេះ ប្រទេសកូរ៉េខាងជើង បានប្រកាសពីជោគជ័យលើកទីមួយរបស់ខ្លួន ក្នុងការបាញ់មីស៊ីលឆ្លងទ្វីបប្រភេទ ICBM ដែលរត់បានចម្ងាយ៩៣៣គីឡូម៉ែត្រ និងឡើងដល់រយៈកម្ពស់២,៨០២គីឡូម៉ែត្រ ក្នុងអំឡុងពេល៣៩នាទី មុនពេលវាយប្រហារចំលើគោល​ដៅ ដែលស្ថិតក្នុងសមុទ្រជប៉ុន ឬសមុទ្រខាងកើត ហើយការធ្វើតេស្តសាកល្បងនេះ បានទទួលរងការរិះគន់យ៉ាងខ្លាំងក្លា ពីសំណាក់សហគមន៍​អន្តរជាតិ ដែលមិនអាចមើលរំលង ក៏ដូចជាអោបដៃឈរមើលបាន៕