(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងថាសង្រ្គាមប្រឆាំងឧក្រិដ្ឋកម្មគ្រឿងញៀន នឹងនៅតែបន្តប្រព្រឹត្តទៅ ទោះបីជាមាន​ការរិះគន់ខ្លាំងៗពីសំណាក់មេដឹកនាំពិភពលោកមួយចំនួន និងក្រុមអង្គការសិទ្ធិមនុស្សក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧។

ថ្លែងនៅចំពោះមុខសភា ក្នុងឱកាសនៃការថ្លែងសារជាតិប្រចាំឆ្នាំជាលើកទីពីរ លោក​ រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្តេជ្ញាថាយុទ្ធ​នា​ការ​ដ៏​ក្តៅ​​គគុក ប្រឆាំង ​នឹងគ្រឿង ញៀនខុសច្បាប់ នឹងបន្តប្រព្រឹត្តទៅយ៉ាងសកម្មជាទីបំផុត ដោយគ្មានការបន្ធូរបន្ថយដៃជាដាច់ខាត។ លោក ឌូតឺតេ បាន​​ថ្លែង​​ថា «​ជន​​ជួញដូរឬប្រើប្រាស់គ្រឿង គឺជាឬសគល់នៃអំពើដ៏អាក្រក់ៗនិងការរងទុកវេទនាជាច្រើន ដែលបានធ្វើឲ្យសង្គមហ្វីលីពីនមានភាពចុះខ្សោយ ហើយ​បានបណ្តាលឲ្យវិនិយោគិនបរទេស មិនហ៊ានមកបណ្តាក់ទុននៅក្នុងប្រទេសមួយនេះ។ ដូច្នេះហើយសង្រ្គាមគ្រឿងញៀន នឹង​មិន​អាច​បញ្ចប់​នោះ​​​ឡើយ រហូតទាល់តែជនទាំងឡាយ ដែលពាក់ព័ន្ធ ក្នុងបទឧក្រិដ្ឋនេះ យល់ច្បាស់ថាពួកគេត្រូវតែបន្ថយ និងបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ ព្រោះ​ថាបើមិនដូច្នោះទេ គឺមានតែគុកច្រវ៉ាក់ ឬឋាននរកតែប៉ុណ្ណោះរង់ចាំពួកគេ»។

សូមជម្រាបថា មេដឹកនាំហ្វីលីពីនវ័យ៧២ឆ្នាំរូបនេះ នៅតែបន្តមានប្រជាប្រិយភាពដដែល នៅក្នុងប្រទេសរបស់លោក ទោះបីជាមានការរិះគន់ជា​ច្រើនរាប់មិនអស់មកលើរូបលោក ដោយសារតែយុទ្ធនាការបង្រ្កាបគ្រឿងញៀនដ៏បង្ហូរឈាម ដែលបើតាមរបាយការណ៍មួយចំនួន បាន​ផ្តាច់​យក​ជីវិត​​ជនសង្ស័យអស់រាប់ពាន់នាក់៕