(អន្តរជាតិ)៖ ក្រោយការវាយប្រហារ​របស់រដ្ឋអ៊ីស្លាម​ជាច្រើនដង ព្រមទាំងការបរាជ័យ​ទប់ស្កាត់ការកែន បុគ្គលចូលរួម IS តាមរយៈប្រព័ន្ធ​ផ្សព្វផ្សាយសង្គម ប្រទេសតួកគី​ជួបនឹងបញ្ហាធំ​មួយទៀតក្នុងឆ្នាំ ២០១៦ គឺ រដ្ឋប្រហារ​ដែលនឹងបង្កចលាចល​បន្តបន្ទាប់។

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៦ រថក្រោះយោធា​បានធ្វើដំណើរ​លើមហាវិថី​ នៃទីក្រុងអ៊ីស្តង់ប៊ុល ជាមួយនឹង​យន្តហោះ ដែលនឹងហើរទៅ​ទីក្រុងអង់ការ៉ា ជាការប៉ុនប៉ង​ធ្វើរដ្ឋប្រហា​រទម្លាក់រដ្ឋាភិបាល កាន់កាប់​ដោយ​គណបក្ស AKP ។ អ្នកដែលធ្វើ​រដ្ឋប្រហារ​បានបរាជ័យ ក្នុងការចាប់ប្រធានាធិបតី អេដូហ្គាន់។ ប្រធានាធិបតី​តួកគីរូបនេះ ប្រកាសអោយប្រជាជន​ប្រឆាំងនឹង​ការធ្វើ​រដ្ឋប្រហារ ហើយប្រជាជន​ជាច្រើនបំលាស់​ទី​ទៅកន្លែង​សាធារណៈ ឈរជើងលើទឹកដី​របស់ខ្លួន។ ទោះបីការ​ធ្វើរដ្ឋប្រហារនេះ​ត្រូវបានបញ្ចប់​ ក្នុងរយៈពេល​តែប៉ុន្មាន​ម៉ោងក៏ដោយ វាបង្កើតជា​ផលប៉ះពាល់​ដល់ប្រទេស​តួកគី​ជាបន្តបន្ទាប់។

ប្រធានាធិបតី អេដូហ្គាន់ និង​គណបក្ស​កាន់អំណាច AKP ប្រកាស​ទំលាក់កំហុស​លើ លោក ហ្វេធូឡា ហ្គូឡិន ដែលជាបុព្វជិត​នៅ​សហរដ្ឋអាមេរិក។ តួកគីទាមទារ​អោយ​សហរដ្ឋអាមេរិក​បញ្ជូន លោក ហ្គូឡិន មកប្រទេសតួកគីវិញ ហើយប្រព័ន្ធ​ផ្សព្វផ្សាយដែល​ត្រូវគ្នា​ជាមួយគណបក្ស កាន់អំណាច​បានសរសេរអត្ថបទ​មួយ​មាន​សេចក្តីថា ភ្នាក់ងារ​ស៊ើប​អង្កេត CIA មានជាប់ពាក់ព័ន្ធ​នឹង ការធ្វើរដ្ឋប្រហារ​នេះដែរ។ ប្រទេសតួកគី​ធ្វើអោយសម្ព័ន្ធ​មិត្ត​ជាមួយសហរដ្ឋអាមេរិក​ មានសំពាធ កាន់តែ​ខ្លាំង​ពេលលើក​និយាយពី​ភាពស្របច្បាប់ ដែលអាមេរិក​ឈរជើង​នៅមូលដ្ឋាន​អាកាស​របស់ខ្លួន។

គណបក្សកាន់​អំណាចចាប់​ផ្តើមធ្វើបន្សុទ្ធកម្ម ដោយដកចេញអ្នក​មានសមានចិត្តជាមួយនឹង ហ្គូឡិន ពីរដ្ឋបាល។ ប្រជាជនស៊ីវិល ១០០,០០០​នាក់បាត់បង់ការងារធ្វើ និង​ត្រូវបានឃុំខ្លួន ប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ​ក្រោយការ​ធ្វើរដ្ឋប្រហារ។ រដ្ឋាភិបាល​បានដាក់​ការប្រកាសថា ប្រទេសស្ថិត​ក្រោមភាព​អាសន្ន ហើយជំនួញ​ជាច្រើនត្រូវ​បានបិទ រួមទាំង​សារព័តមាន និងអង្គការ​សប្បុរសធម៌មួយចំនួនផងដែរ។ នេះជាការតាម​ប្រមាញ់អ្នកដែល​រដ្ឋយល់ថា ប្រឆាំងខ្លួន​ទាំងអស់ មិនថា អ្នកគាំទ្រ​ចលនា ហ្គូឡិន ជនជាតិឃឺដ ជាអ្នកកាសែត អ្នកនិពន្ធ និងអ្នកប្រាជ្ញនានា។ ការធ្វើបន្សុទ្ធកម្ម​នេះប៉ះពាល់​ដល់ធនធានមនុស្ស​ក្នុងរដ្ឋាភិបាល និងតុលាការ។

ផ្នែកដែលប៉ះពាល់​ខ្លាំងបំផុតគឺ សន្តិសុខ និង ផ្នែកស៊ើបអង្កេត​ដែលប្រទេសតួកគី​កំពុងត្រូវការ​ខ្លាំងបំផុត។ ក្រោយរដ្ឋប្រហារ​រយៈពេល ០២សប្តាហ៍ នាយកផ្នែក​ស៊ើបអង្កេតជាតិ​របស់សហរដ្ឋអាមេរិក លោក James Clapper បានមាន​ប្រសាសន៍ថា ទង្វើរបស់​ប្រទេស​តួកគី នឹង​ប៉ះពាល់ដល់​ការស៊ើប​អង្កេតជាតិ​ក្នុងប្រយុទ្ធ​ប្រឆាំងនឹង​ពួក IS ។ ក្នុងបន្សុទ្ធកម្មនេះ បុគ្គលិកក្នុង​ផ្នែកហោះហើរ ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការណាតូ ត្រូវបាន​ដកដំណែង​ចេញ​ផងដែរ។

កងប្រដាប់អាវុធ​ដែលកំពុងប្រយុទ្ធ​សង្គ្រាមនៅស៊ីរី ប្រឆាំងនឹង​ពួកឃើដ និង IS រងគ្រោះយ៉ាងដំណំ ដោយសារ​ការសម្រេចចិត្ត​របស់រដ្ឋាភិបាល ក្នុងការដកចេញនូវ​មេបញ្ជាការ ឧត្តមសេនីយ៍ត្រី ហើយដាក់​អ្នកដែលខ្វះបទ​ពិសោធន៍ជំនួសវិញ។ កងទ័ពជើង​អាកាសបាត់បង់​អ្នកបើកបរយន្តហោះ សឹងែពាក់​កណ្តាល។ ទីប្រឹក្សាយោធាមួយរូបបាន​លើកឡើងថា ត្រូវការពេល​យ៉ាងតិច ០២ឆ្នាំ ដើម្បីបង្គ្រប់​ធនធានមនុស្ស​ដែលបាត់បង់មក​វិញបាន។

សរុបមក មន្ត្រីយោធា ៨,០០០នាក់ និងកងរាជអាវុធ​ហត្ថ ១,២០០រូបត្រូវបានដកចេញពី​ដំណែង តាំងពីថ្ងៃ​ធ្វើរដ្ឋប្រហារ ១៥ កក្ដដា។ កងទ័ពជើង​អាកាសបាត់បង់​ទាហានជាង ២១,០០០រូប ទាហាននៅឈរជើង​នៅសល់ត្រឹមតែ ៩,០០០រូបប៉ុណ្ណោះ។ ភ្នាក់ងារស៊ើបអង្កេត ៨៧​រូបទៀតក៏បានបាត់បង់​ដំណែងដែរ។

ការបែកបាក់ និងបាត់បង់ស្ថេរភាពនៅតួកគី ផ្តល់ផលប្រយោជន៍សម្រាប់តែ IS ប៉ុណ្ណោះ ដែលឆ្លៀត​ឱកាសនេះដើម្បីប្រមូល​មនុស្សកាន់តែ​ច្រើន ចូលរួមក្នុងក្រុមរបស់ពួកគេ។ ចំណែកកិច្ចខិតខំប្រឹងប្រែងរបស់​តួកគីវាយប្រហារ​ទៅកាន់ IS ក្នុង​ប្រទេសស៊ីរី បានធ្វើ​អោយ IS ប្រឆាំងនឹង​ប្រជាជនតួកគី​មកវិញ​ជាការសងសឹក ដូចជាការបាញ់​ប្រហារសម្លាប់​ប្រជាជននៅក្នុងក្លឹប Reina នៅថ្ងៃឆ្លង​ឆ្នាំ​ជាដើម។

នៅដើមខែកុម្ភៈឆ្នាំ ២០១៧ ប៉ូលីសចាប់បាន IS ដែលមានគ្រាប់បែកជិត ២០ គ្រាប់នៅនឹងខ្លួន ព្យាយាម ធ្វើការវាយប្រហារ​ដោយអត្តឃាត។ នៅជាប់នឹងខ្លួនគេ​មានសារជាតិផ្ទុះ​ដទៃទៀត ព្រមទាំង​កាំភ្លើងធំ​ផងដែរ។ ការគំរាមកំហែង​ក្នុងប្រទេស ភាពចលាចល និងការបាត់បង់សន្តិភាព ក្រោយការ​ធ្វើបន្សុទ្ធកម្ម ធ្វើអោយកម្លាំង​របស់តួកគីចុះខ្សោយ មិនអាច​ទប់ស្កាត់នឹង​ការវាយប្រហារ​នាពេល​អនាគត៕