(ព្យុងយ៉ាង)៖ ចាប់តាំងពីបាន​ឡើងកាន់អំណាច​បន្តពី​ឪពុក គឺលោក គីម ជុងអ៊ីល នៅចុងឆ្នាំ២០១១មក មេដឹកនាំវ័យក្មេង​កូរ៉េខាងជើង លោក គីម ជុងអ៊ុន មិនដែល​បានបំពេញដំណើរទស្សនកិច្ចទៅ កាន់បរទេស​ម្ដងណា​ឡើយ។​ ចំពោះបញ្ហានេះ​មានការសន្និដ្ឋាន​ផ្សេងៗពីគ្នា​ជាច្រើន ហើយគេ​ក៏ពុំទាន់អាច​បញ្ជាក់ឱ្យបាន​ច្បាស់ដែរ​​ពីមូលហេតុនៅពីក្រោយរឿងនេះ ក៏ប៉ុន្តែបើគេ​ព្យាយាមសង្កេត នោះគេអាច​នឹងយល់ពីមូលហេតុ​ងាយៗមួយចំនួន ដែលលោកគីម ជុងអ៊ុន សម្ងំនៅ​តែ​ក្នុងស្រុក។

លោក គីម ជុងអ៊ុន ត្រូវបានគេ​ស្គាល់តាមរយៈប្រព័ន្ធ​ផ្សព្វផ្សាយ​លោកខាង​លិចថា ជាមេដឹកនាំ​ផ្ដាច់ការម្នាក់​ហ៊ាន​សម្លាប់ រហូតដល់ពូបង្កើត​របស់ខ្លួន​ដើម្បីពង្រឹង​អំណាច ជាហេតុធ្វើឱ្យ សហគមន៍​អន្តរជាតិ នៅក្នុងពិភព​របស់​សហរដ្ឋអាមេរិក​បាន​ថ្កោលទោស និងដាក់ទណ្ឌកម្ម​ឥតឈប់ឈរ។ មិនតែ​ប៉ុណ្ណោះ ទីក្រុងវ៉ាស៊ីនតោន​ថែមទាំងបាន​ជំរុញឱ្យបណ្ដា​ប្រទេសជា​សម្ព័ន្ធមិត្ត កាត់បន្ថយ ឬកាត់ផ្ដាច់តែ​ម្ដងនូវទំនាក់ទំនង​ជាមួយទីក្រុងព្យុងយ៉ាង​។

ត្រង់ចំណុចនេះយើងសួរថា ​តើប្រទេសណាមួយ​ហ៊ានអញ្ជើញ លោក គីម មកបំពេញ​ទស្សនកិច្ច​ដោយមិន​ខា្លចក្រែង ការដាក់សម្ពាធពី​សំណាក់​សហរដ្ឋអាមេរិក គឺមានតែ​រុស្ស៊ី ចិន អ៊ីរ៉ង់ និងគុយបា​ប៉ុណ្ណោះ។ តែនិយាយ​បែបនេះ​មិនមែនជាការបញ្ជាក់ថា លោក គីម ជុងអ៊ុន មិនធ្លាប់មានគំរោង​បំពេញ​ទស្សនកិច្ច​នៅបរទេស​នោះឡើយ ពោលគឺលោក​ក៏ធ្លាប់ត្រូវបាន​គេរាយការណ៍ថា មានគំរោង​ទៅទស្សនកិច្ច​នៅរុស្ស៊ី​កាលពីឆ្នាំ២០១៥ និងអ៊ីរ៉ង់​កាលពីឆ្នាំ២០១២ផងដែរ ប៉ុន្តែដំណើរ​ទស្សនកិច្ច​ទាំងនេះ សុទ្ធតែត្រូវ​បានលុបចោល​វិញ ក្រោម​ហេតុផល​ត្រូវដោះស្រាយបញ្ហានៅ​ក្នុងស្រុក។

ចំណែកឯ​ក្រុមអ្នកជំនាញ​ខ្លះយល់ថា លោក គីម ជុងអ៊ុន មិនធ្វើ​ដំណើរទៅ​កាន់បរទេស គឺដោយសារតែ ហេតុផល​សុវត្ថិភាពផ្ទាល់ខ្លួន​ច្រើនជាង ត្បិតលោក​យល់ថា ទីភ្នាក់ងារចារកម្ម​អាមេរិក CIA អាចនឹង​រៀបចំ​ផែនការសម្លាប់រូបលោក​ ដូចគ្នា​ទៅនឹង​អតីតមេដឹកនាំ​គុយបា លោក ហ្វីឌែល កាស្រ្តូ ដែល​ត្រូវបាន CIA តាមផ្ដាច់​ជីវិតមិនបានសម្រេចជាង ៦៣៨លើក។ មិនតែ​ប៉ុណ្ណោះនាពេលថ្មីៗ​នេះ ក្រសួង​សន្តិសុខ​កូរ៉េខាងជើង ក៏បានអះអាង​ដែរថា CIA និងទីភ្នាក់ងារ​ចារកម្ម​កូរ៉េខាងត្បូង បានរៀបចំ​ផែនការ ក៏ដូចជា​បង្កើតក្រុមប្រតិបត្តិការ​ពិសេស ដើម្បីសម្លាប់មេដឹកនាំ​របស់ខ្លួន។

គួរបញ្ជាក់ថា សារព័ត៌មាន​កូរ៉េខាងត្បូង​ធ្លាប់បានរាយការណ៍ថា នៅមុនពេល​ឡើងកាន់​អំណាច លោក គីម ជុងអ៊ុន ធ្លាប់បានបំពេញ​ទស្សនកិច្ចជា​មួយនឹងម្ដាយ​ ទៅកាន់ប្រទេសចិន និង​ជប៉ុននៅចន្លោះពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩២ និងចិននៅ​ឆ្នាំ២០០៩ ឬឆ្នាំ២០១០។ លោក គីម មិនត្រឹមតែ​មិនបានធ្វើដំណើរ​ទៅក្រៅប្រទេស​នោះទេ សូម្បីតែនៅ​ក្នុងប្រទេសក៏​លោកមិនសូវ បង្ហាញខ្លួនជា​សាធារណៈ ឬក៏ទទួលជួប​មន្ត្រីជាន់ខ្ពស់ នាមួយ​រយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះដែរ ក្រៅតែពី​អតីតតារា​បាល់បោះអាមេរិក NBA​ លោក Dennis Rodman ដែលបានជួប លោក គីម ជុងអ៊ុន កាលពីខែមិថុនាកន្លងទៅ។

បន្ថែមពីនេះទៀត លោក គីម អ៊ីលស៊ុង (ជីតាលោក​​ គីម ជុងអ៊ុន) និង លោក គីម ជុងអ៊ីល (ឪពុកលោក គីម ជុងអ៊ុន) ត្រូវបានគេស្គាល់ថា ជាមនុស្សខ្លាចជិះ​នៅលើ​យន្ដហោះ ដោយនៅពេល​ត្រូវដំណើរទស្សនកិច្ច​ទៅរុស្ស៊ី ឬចិន អ្នកទាំងពីរតែងតែ​ជិះរថភ្លើងជំនួស ដូច្នេះលោក គីម ជុងអ៊ុន ក៏ត្រូវបាន​គេសង្ស័យថា មានជំងឺខ្លាចជិះយន្ដហោះទៅក្រៅប្រទេសដូចគ្នា​នេះដែរ៕