(តូត្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ី​នហ្សូ អាបេ នៅថ្ងៃចន្ទនេះបានបដិសេធ​ថា លោកមិន​ដែលបាន​ប្រើឥទ្ធិពល​ជានាយករដ្ឋមន្ត្រី ដើម្បីជួយមិត្តភក្តិ​ជិតស្និទ្ធរបស់ខ្លួន​បើកសាលារៀន ដូច​ដែលគេចោទ​ប្រកាន់​នោះទេ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧។

ថ្លែងនៅចំពោះ​មុខសមាជិក​សភា លោក អាបេ បានអះអាងថា លោកមិន​ដែលបានប្រើឥទ្ធិពល​ជានាយករដ្ឋមន្ត្រី ឬក៏ប្រាប់​ឱ្យក្រុមមន្ត្រីជំនិត​របស់លោក ជួយសម្រួលមិត្តភក្តិជិតស្និទ្ធរបស់ខ្លួន ឈ្មោះ Kake Gakuen ដើម្បីបើក​សាលា​ពេទ្យសត្វ​ នៅក្នុងតំបន់​សេដ្ឋកិច្ចពិសេស​នោះឡើយ។ លោក អាបេ បានលើក​ឡើងយ៉ាងដូច្នេះថា «ជារឿងមិនពិត​ពោលគឺមិនដែល​មានសំណើ ឬក៏ ការប្រើ​អំណាចបើកដៃ​បង្កើត​សាលាពេទ្យសត្វ... ហើយខ្ញុំក៏​មិនដែលបាន​ចេញសេចក្ដី​ណែនាំ ពាក់ព័ន្ធ​នឹងករណី​នេះដែរ ប៉ុន្តែខ្ញុំ​នៅតែសន្យាថា នឹងស្ដារទំនុកចិត្ត​ពីប្រជាជន​ជប៉ុនឡើងវិញ តាមរយៈការ​បំពេញការងារ​ប្រកបដោយ​លទ្ធផល លើវិស័យសេដ្ឋកិច្ច និង​ប្រជាធិបតេយ្យ»

គួរបញ្ជាក់ថា ដោយសារតែ​រឿងអាស្រូវនេះ ប្រជាប្រិយភាព​របស់ លោក ស៊ីនហ្សូ អាបេ បានធ្លាក់ចុះ​ក្នុងកំរិត​ទាបបំផុត​ដល់ទៅក្រោម ៣០ភាគរយ រីឯ ៥៦ភាគរយ​ឆ្លើយថា មិនគាំទ្រ​គណបក្ស​របស់លោកឡើយ៕