(ប៉េកាំង)៖ ជាថ្មីម្តងទៀត​រដ្ឋាភិបាល​ទីក្រុងប៉េកាំង បានស្នើយ៉ាងទទូចឲ្យ​ប្រទេសឥណ្ឌា​ ដកកងទ័ពទាំងអស់ ដែលបាន​ចូលមកកាន់​ប្រទេសចិន​ដោយ​ខុសច្បាប់ នៅឯតំបន់​ភ្នំហិមាល័យ ហើយបានបន្ថែមថា ទីក្រុងញូដេលី គួរតែបោះបង់​ចោលក្តីសម្រើស្រមៃ​របស់ខ្លួន​ដែលថា ដែនដីមានបញ្ហាវិវាទ​នេះ គឺជារបស់ឥណ្ឌានោះ​ចោលទៅ ពីព្រោះថា ចិនបានត្រៀម​លក្ខណៈ​រួចជាស្រេច ដើម្បីការពារ​ដែនអធិបតេយ្យភាព ក៏ដូចជាបូរណភាព​ទឹកដី​របស់​​ខ្លួន​ឲ្យ​ខាងតែបាន។ នេះបើតាម​ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃ​​ចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន លោក Wu Qian បានថ្លែងក្នុង​សន្និសីទសារព័ត៌មាន​មួយថា «យើងសូម​ទទូចឲ្យឥណ្ឌា ធ្វើការដក​ថយកងទ័ព​​របស់ខ្លួនទាំងឡាយ ដែលបាន​រំលោភបំពានខ្សែ​បន្ទាត់ព្រំដែនខណ្ឌចែក​ប្រទេសទាំងពីរ»។ លោក Qian បានបញ្ជាក់ថា ការទាមទារនេះ​គឺជាលក្ខ​ខណ្ឌ​មួយ ដើម្បីឈាន​ទៅរកការដោះស្រាយ និងបញ្ចប់​បញ្ហាព្រំដែន ដែលកាន់តែ​កើនឡើងកម្តៅនេះ ហើយស្នើឲ្យ​ភាគីឥណ្ឌា ចាត់វិធានហ្មត់ចត់​​ច្បាស់លាស់ ដើម្បីកែប្រែ​កំហុស​ផ្សេងៗ និងបញ្ឈប់​សកម្មភាព​បង្កហេតុ ក្នុងគោលបំណង​បង្កើតកិច្ចប្រឹងប្រែង​រួមជាមួយគ្នា សំដៅថែរក្សា​ការពារ​សន្តិភាព​ នៅតាមតំបន់​ព្រំដែនរវាងប្រទេសជិត​ខាងទាំងពីរនេះ។

យ៉ាងណាមិញ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បានព្រមាន​ឲ្យទីក្រុងញូដេលី ឲ្យបោះបង់​ចោលក្តីស្រមើស្រមៃ​មិនសមហេតុ​សមផល​នានា ជុំវិញ​បញ្ហា​ដែនដីនេះ ដោយថ្លែងថា ប្រវត្តិសាស្រ្ត​នៃកងទ័ពចិន​ក្នុងអំឡុងពេល ៩០ឆ្នាំកន្លងទៅនេះ បានស្តែង​ឲ្យឃើញ​យ៉ាងច្បាស់ ពីការ​កើន​​ឡើង​នៃ​សមត្ថ​ភាព ​រួម​ទាំង​ឆន្ទៈដ៏មុះមុត​ឥតរង្គោះ​រង្គើររបស់ពួកគេ ក្នុងការការពារ​ដែនអធិបតេយ្យភាព ក៏ដូចជាបូរណភាព​ដែនដី របស់ប្រទេស​ជាតិ។ លោក Qian បានព្រលយ​មួយឃ្លាចុងក្រោយថា «ភ្នំមួយមាន​ភាពងាយស្រួល​ក្នុងការអង្រួន​ជាជាង​កងទ័ពចិន»